តេអេរ៉ង់៖ ទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Nour News បានរាយការណ៍ថា អ្នកសម្របសម្រួលសហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Enrique Mora នឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់នៅថ្ងៃអង្គារ ជុំវិញកិច្ចចរចានៅទីក្រុងវីយែន ក្នុងគោលបំណងធ្វើឱ្យ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ រស់ឡើងវិញ។
Nour News ដែលមានទំនាក់ទំនងជាមួយក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ មិនផ្តល់ព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោក Mora នោះទេ។
នៅខែកក្កដា ឆ្នាំ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខា ជាមួយមហាអំណាចលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលទីក្រុងតេអេរ៉ង់យល់ព្រម ទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ លើប្រទេសរបស់ខ្លួន ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី ឡើងវិញលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឱ្យភាគីក្រោយទម្លាក់ការប្តេជ្ញាចិត្ត នុយក្លេអ៊ែរមួយចំនួនរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនេះ។
ចាប់តាំងពីខែមេសា ឆ្នាំ២០២១ ការចរចាចំនួន ៨ជុំត្រូវបានធ្វើឡើងនៅក្នុង រដ្ឋធានីអូទ្រីសរវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា