ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការបរទេសកម្ពុជា នឹង​​អញ្ជើញបំពេញ​ទស្សន​កិច្ច​ផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជា​​​​សហប្រធានដឹកនាំកិច្ច​ប្រជុំ​លើក​ទី២០ នៃគណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ វប្បធម៌ វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ តបតាម​ការ​​អញ្ជើញរបស់​លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី​​​ការបរទេស​វៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និង​វិធី​សាស្ត្រ ​ធ្វើឱ្យ​កាន់តែស៊ីជម្រៅបន្ថែមទៀតនូវ ទំនាក់​ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ច​សហ​ប្រតិ​បត្តិការកំពុងរីកចម្រើន ដែលរួមមានវិស័យនយោបាយ ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ​ការអប់រំ​។ល។ ​កិច្ច​សហ​​ការ​ក្នុង​ក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានា នៅក្នុង​តំបន់និង​អន្តរជាតិ​​ ​ដែលជា​ផល​ប្រយោជន៍និង​ក្តីបារម្ភ​រួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។

ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេស នៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម​ ​លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាព ដែលសម្រេចបាន អនុលោមតាមកំណត់​ហេតុនៃកិច្ចប្រជុំលើកមុន ព្រមទាំងរៀបចំផែនការថ្មី សម្រាប់សកម្មភាពជាក់ស្ដែង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍​ទៅ​វិញ​​ទៅមក​របស់​​ប្រទេស និងប្រជាជនទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ ក៏នឹងមានកម្មវិធី​​ចូលជួប​សម្តែង​ការគួរសម ដោយឡែកពីគ្នាជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ផងដែរ។

ទាំងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម​លើកទី២០ នឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនង ពហុវិស័យដ៏រឹងមាំ ដែលបានផ្សារភ្ជាប់ដោយទំនុកចិត្ត ផ្នែកនយោបាយចាក់ឫសយ៉ាងជ្រៅ ព្រមទាំងនឹងធ្វើឱ្យកាន់តែរឹងមាំបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី ភាពជាអ្ន​ក​ជិតខាងល្អ និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ៕

To Top