មីឡែន៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុទីពីររបស់ម៉ាឡេស៊ីលោក Amir Hamzah Azizan បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាថ្មី ចំពោះពហុភាគីនិយម និងពាណិជ្ជកម្មផ្អែកលើច្បាប់ ដោយលោកបានបញ្ជាក់ថា ពហុភាគីនិយម ជាគន្លឹះសម្រាប់ការអភិវឌ្ឍរយៈពេលវែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតស៊ិនហួ កាលពីថ្ងៃអាទិត្យ នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាលលើកទី២៨ នៅទីក្រុងមីឡែន ប្រទេសអ៊ីតាលី រដ្ឋមន្ត្រីក៏បានឲ្យដឹងផងដែរថា តំបន់អាស៊ានបូកបី ត្រូវប្រឈមមុខ និងដោះស្រាយផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក។
លោកបានលើកឡើងថា “យើងសង្ឃឹមថានឹងលើកទឹកចិត្តឱ្យមានការវិលត្រឡប់ទៅកាន់ពហុភាគីនិយម និងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់” ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍រយៈពេលវែង។ កិច្ចប្រជុំឆ្នាំនេះ ដឹកនាំដោយចិន និងម៉ាឡេស៊ី ផ្តោតលើការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ចសកល និងតំបន់ និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ក្នុងក្របខ័ណ្ឌអាស៊ានបូក៣។
អ្នកចូលរួមបានគាំទ្រការអាប់ដេតចំពោះទិសដៅយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានបូក៣ ហើយបានយល់ព្រមដាក់ឱ្យដំណើរការឧបករណ៍ជំនួយបច្ចេកទេសថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលមធ្យមដល់រយៈពេលវែង។ លោក Amir Hamzah បានលើកឡើងថា ជាមួយនឹងចំនួនប្រជាជនតិចជាង ៧០០លាននាក់ ផលិតផលក្នុងស្រុកសរុបរបស់អាស៊ានឈានដល់ ៣.៨ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ លោក Amir Hamzah បានលើកឡើងដោយគូសបញ្ជាក់ថា ភាពរស់រវើកក្នុងតំបន់អាចឱ្យអាស៊ានជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ី ប្រឆាំងនឹងភាពមិនច្បាស់លាស់ពីខាងក្រៅ។
លោកបានបន្តថា អាស៊ានដែលប្តេជ្ញាចិត្តពហុភាគីនិយម និងដើម្បីជំរុញតម្រូវការក្នុងស្រុកកំពុងព្យាយាមរក្សានិរន្តរភាពសន្ទុះសេដ្ឋកិច្ចរបស់ខ្លួន។ លោកបានបន្ថែមថា អាស៊ានក៏កំពុងពង្រីកសហគមន៍របស់ខ្លួនតាមរយៈការចូលរួមជាមួយប្រទេសជាច្រើនទៀត រួមទាំងប្រទេសចិន និងកំពុងធ្វើការដើម្បីជួយកសាងឡើងវិញនូវយន្តការពាណិជ្ជកម្មពហុភាគី ដែលផ្តល់ផលប្រយោជន៍ដល់សមាជិកទាំងអស់។
ដោយលើកឡើងពីសារៈសំខាន់របស់ប្រទេសចិន ជាទីផ្សារសម្រាប់បណ្តាប្រទេសអាស៊ាន លោករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនពង្រីក និងទីផ្សារក្នុងស្រុកមានការអភិវឌ្ឍន៍បន្ថែមទៀត អាស៊ានទន្ទឹងរង់ចាំការបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងការចែករំលែកភាពរុងរឿង ដែលនាំមកនូវតាមរយៈកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនកាន់តែស៊ីជម្រៅ៕
ប្រែសម្រួល ឈូក បូរ៉ា
