ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន០៣នាក់ ពីបទ ករណីឆបោកមានស្ថានទម្ងន់ទោស

ភ្នំពេញ៖  លោកស្រី ថៃ គីមមុនី ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដីកា ចោទប្រកាន់ និងបង្គាប់ឱ្យឃុំខ្លួនជនជាតិកូរ៉េខាងត្បូង ចំនួន០៣នាក់ពីបទ ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) ទៅកាន់មណ្ឌលអប់រំកែប្រែទី១ (ម១)។

នៅក្នុងដីកាផ្សេងគ្នាចំនួន៣ បានបង្ហាញថា ជនត្រូវចោទទាំងនោះ គឺទី1. ឈ្មោះ SIN SONG HUN ភេទប្រុស ទី2. ឈ្មោះ SONG EUNGYU ភេទប្រុស និងទី3. ឈ្មោះ PRAK YEONGHUN ភេទប្រុស ។

ជនទាំងនេះត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖ ឆបោកស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាម មាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ 

ចំណែក ជនសង្ស័យ ៣៣ នាក់ ផ្សេងទៀត ត្រូវបានអនុវត្តន៍បណ្តេញចេញពីប្រទេសកម្ពុជា ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣១ នាក់ (ស្រី៥នាក់) , ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) និងជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស)។ 

សូមរម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ សរុបចំនួន៤៨នាក់ (ស្រី១០នាក់) មាន៤សញ្ជាតិ ក្នុងនោះ ជនជាតិកូរ៉េខាងត្បូង ចំនួន ៣៣នាក់ (ស្រី៥នាក់)  ⁠ជនជាតិនេប៉ាល់ ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិបង់ក្លាដេស ចំនួន ១នាក់ (ប្រុស) ⁠ជនជាតិខ្មែរ ចំនួន ១៣នាក់ (ស្រី៥នាក់) ផងដែរ។ ក្រៅពីនេះ ក្រុមប្រតិបត្តិការក៏បានរឹបអូស សម្ភារៈបម្រើឱ្យការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam ) រួមមាន កុំព្យូទ័រ ចំនួន  ៦០គ្រឿង ⁠ទូរដែក ចំនួន ៣ គ្រឿង និង⁠លិខិតឆ្លងដែន សរុបចំនួន ៣៥ច្បាប់ ។

សូមរំលឹកជូនថាបើគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រោមការចង្អុលបង្ហាញពីគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប. ឆ.ប. បានចាត់វិធានការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួនប្រមាណ ជាង៣០០០នាក់ ភាគច្រើនជាជនបរទេស។ 

នៅក្នុងយុទ្ធនាការបង្ក្រាបសកម្មភាពឆបោកអនឡាញក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យជាមេខ្លោងចំនួន៦៩នាក់ និងបក្ខពួករបស់ពួកគេទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន ខណៈជនបរទេសពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam)សរុបប្រមាណជាង ២៤០០នាក់ត្រូវបាននិរទេសចេញពីកម្ពុជា។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការ តាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុតចំពោះ មេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធ នឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

To Top