ភ្នំពេញ ៖ លោក Ermenegildo Kupalopes ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា ចាប់អារម្ម ណ៍ទៅលើវិស័យកសិកម្ម និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ យ៉ាងល្អប្រសើរ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោក Ermenegildo Kupalopes បានស្នើសុំឲ្យ មានកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ទីម័រខាងកើត លើវិស័យកសិកម្ម តាមរយ:ការសិក្សា ស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងមន្រ្តីជំនាញ។
លោក បញ្ជាក់ថា «កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកសិកម្មគួរឲ្យចាប់អារម្មណ៍ ហើយការរីកចម្រើននេះបានជួយទ្រទ្រង់ កំណើនសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរ»។
លោក នឹងខិតខំជំរុញ និងពិនិត្យឡើងវិញ លើកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម រវាង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ហើយនឹងពិនិត្យ និងរៀបចំឯកសារអនុស្សរណ: នៃការយោ គយល់គ្នា លើការនាំចេញកសិផល និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងពេលឆាប់ៗ។ ដោយឡែក ចំពោះការនាំចេញអង្ករទៅកាន់ទីផ្សារទីម័រខាងកើត លោក ថានឹងខិតខំជំរុញឲ្យពាណិជ្ជករទីម័រខាងកើតមកសិក្សា និងស្វែងយល់បន្ថែមអំពីនីតិវិធីច្បាប់ បច្ចេកទេស និងបែបបទនៃការនាំចេញរបស់កម្ពុជាឱ្យបានស៊ីជម្រៅ ហើយសង្ឃឹមថា អង្ករកម្ពុជា នឹងមានលក់នៅទីផ្សារទីម័រខាងកើតក្នុងពេលអនាគតដ៏ខ្លី។
ចំណែក លោក វេង សាខុន បានសម្តែងនូវការគាំទ្រប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាឱកាសជួប ឯកអគ្គរដ្ឋទូត កាលពីថ្ងៃទី២៧ ខែឧសភា នៅវិមាន សន្តិភាព ថារដ្ឋាភិបាលទីម័រខាងកើតគួរបញ្ជូនក្រុមហ៊ុន ឬពាណិជ្ជករមកសិក្សា ស្វែងយល់ អំពី សក្តានុពលនៃការផលិតស្រូវ បង្កើតរោងម៉ាស៊ីន និងវេចខ្ចប់ឱ្យបាន សមស្របតាមស្តង់ ដាររបស់ ទីផ្សារទីម័រខាងកើត ហើយករណីនេះភាគីកម្ពុជានឹងរង់ ចាំផ្តល់កិច្ចសហការឲ្យ ពេញលេញធ្វើយ៉ាងណាឱ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យ៕ដោយ អេង ប៊ូឆេង