ភ្នំពេញ ៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០(៩ខែ)នេះ ចំណូលពន្ធ-អាករគឺអគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមាណជា២ ២២៥.៨៥លានដុល្លារ ស្មើនឹង៧៨.១០% នៃផែនការ ប្រចាំឆ្នាំ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា «សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រ មូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន៩ ០១៥.០៨ប៊ីលានរៀល ប្រមាណ២ ២២៥.៨៥លានដុល្លារ ស្មើនឹង៧៨.១០% នៃផែនកាប្រចាំឆ្នាំ»។
អគ្គនាយកដ្ឋានពន្ធដារបន្ដថា ប្រសិនបើប្រៀបធៀប រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ ចំណូលពន្ធ-អាករ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ កើនឡើងចំនួន ៣២៥.២៧ប៊ីលានរៀល ប្រមាណ ជា៨០.៣១លានដុល្លារ ស្មើនឹង៣.៧១%។
គូសបញ្ជាក់ថា ក្នុងខែកញ្ញា ឆ្នាំ២០២០នេះ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន៧៥៤.២០ប៊ីលា នរៀល ប្រមាណជា១៨៦.២២លានដុលារ ស្មើនឹង៦.៥៣% នៃផែនការប្រចាំឆ្នាំ។ប្រសិនបើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ ថយចុះចំនួន១៧៤.០៥ប៊ីលានរៀល ប្រមាណជា ៤២.៩៨លានដុល្លារ ស្មើនឹង១៨.៧៥%៕
ដោយ ៖ អេង ប៊ូឆេង