ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ក្រោមកិច្ចសហការជាមួយ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) និងផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បានរៀបចំ វគ្គបណ្តុះបណ្តាលវិនិយោគិន ក្នុងវិស័យមូលបត្រ ស្តីពី ឱកាសចំណេញក្នុងការ វិនិយោគលើមូលបត្រ ដើម្បីចែករំលែកបទពិសោធន៏ និងផ្តល់ជាចំណេះដឹងពាក់ព័ន្ធ នឹងយុទ្ធសាស្ត្រជួញដូរមូលបត្រ ជូនដល់វិនិយោគិន និងសាធារណជន ។
សិក្ខាសាលាថ្ងៃនេះដែរ មានការអញ្ជើញចូលរួមជាអធិបតីភាព ពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACELEDA Bank Plc) និងលោក ឈុន សម្បត្តិ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ូ សុជាតិ អគ្គនាយកនៃគ.ម.ក. ។
ក្នុងឱកាសវគ្គបណ្ដុះបណ្ដាលនេះ លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា តាមរយៈសិក្ខាសាលា ដ៏មានសារៈសំខាន់នេះ គឺនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់ ពីឱកាសចំណេញក្នុងការ វិនិយោគលើវិស័យមូលបត្រ យុទ្ធសាស្ត្រនៃការជួញដូរមូលបត្រ មូលដ្ឋានគ្រឹះនៃការវិនិយោគមូលបត្រ បច្ចុប្បន្នភាព និងហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រ ព្រមទាំងវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ។
លោកបណ្ឌិតបន្តថា ធនាគារអេស៊ីលីដា ជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលផ្ដល់ឱកាសចំណេញយ៉ាងច្រើនដល់ វិនិយោគិន តាមរយៈការវិនោយោគទៅលើភាគហ៊ុន របស់ធនាគារអេស៊ីលីដា ដែលបានដាក់លក់នៅលើ ផ្សារមូលបត្រកម្ពុជា ។ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានវិនិយោគិន និងសាធារជនជាច្រើន ចាប់អារម្មណ៍លើការវិនិយោគ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ជាពិសេសចំនួនវិនិយោគិន ព្រមទាំងទំហំជួញដូរមូលបត្រ លើទីផ្សារមូលបត្រកម្ពុជា នឹងមានការកើនឡើងជាលំដាប់ បន្ទាប់ពីអង្គសិក្ខាសាលានេះ ។
ក្រៅពីនេះលោកបណ្ឌិត អ៊ិន ចាន់បី បានលើកឡើងថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិកូវីដ១៩ និងជំនន់ទឹកភ្លៀងក៏ដោយ ក៏វិស័យធនាគារនៅតែដំណើរការល្អ ដោយសារតែការចាត់ចែង របស់រាជរដ្ឋាភិបាល និងការចាត់ចែងរបស់ធនាគារផ្ទាល់ ឲ្យស្របតាមវិធានការរបស់រាជរដ្ឋាភិបាល ។ លោកបន្តថា ក្នុងឆ្នាំ២០២០នេះ ការលូតលាស់ផ្នែកឥណទាន របស់ធនាគារអេស៊ីលីដា អាចមានប្រមាណ ១០% ខណៈកាលពីឆ្នាំ២០១៩ ឥណទានមានការលូតលាស់ត្រឹម ៨% ។ លោកថា ឆ្នាំ២០២០នេះ ការផ្ដល់ឥណទាន ក៏មានតម្លៃសមរម្យ មិនថ្លៃដូចឆ្នាំ២០១៩ ដោយសារការបន្ថូរបន្ថយរបស់ រាជរដ្ឋាភិបាល ហើយចំពោះចំនួនកំណើនប្រាក់បញ្ញើសន្សំ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។
លោកបណ្ឌិតបញ្ជាក់ថា «វិស័យធនាគារទាំងមូល ជាពិសេសធនាគារអេស៊ីលីដា គឺល្អ ហើយយើងអាចអនុវត្តផែនការ អាជីវកម្ម របស់យើងឆ្នាំ២០២០ បានសម្រេចតាមផែនការគ្រោងទុក ទាំងការលូតលាស់ ទាំងការលក់ក៏អាចដំណើរការ ទៅតាមនេះដែរ» ។
ក្នុងឱកាសនោះដែរលោក ឈុន សម្បត្តិ អគ្គនាយករងនៃ គណៈកម្មការមូលបត្រកម្ពុជា បានប្រសាសន៍ថា «ធនាគារអស៊ីលីដា ជាក្រុមហ៊ុនកម្ពុជាមួយដែលធ្វើ អន្តរជាតិភាវូបណីយកម្ម ទៅប្រមូលលុយពីប្រទេសដទៃ វាមិនខ្លាំងទេបើខ្លួនឯង ចេះតែប្រមូលលុយពីក្នុងខ្លួនឯងនោះ ប៉ុន្តែយើងនឹងខ្លាំងបើយើង អាចទៅប្រមូលលុយពីបរទេស ដើម្បីមកអភិវឌ្ឍប្រទេសយើង» ។
លោកគូសបញ្ជាក់ថា បើសិនជាមានអ្នកយល់ច្រឡំថា អាជ្ញាធរជាឧបសគ្គត្រូវកាត់បន្ថយ ហើយត្រូវមានជំនឿថា អាជ្ញាធរមានតួនាទីជាអ្នកកណ្ដាល អ្នកការពារ និងជាអ្នកជួយជ្រោមជ្រែង ដូច្នេះបើសិនជាជួបលំបាកអ្វីមួយ ត្រូវរត់រកអាជ្ញាធរដើម្បីជួយដោះស្រាយ ។ លោកថា អាជ្ញាធរមានតួនាទីជាអ្នកជួយ មិនមែនជាអ្នកបង្កើតនូវផលលំបាកទេ ។
លោក ឈុន សម្បត្តិ បន្ថែមថា តាមរយៈសិក្ខាសាលាថ្ងៃ អាចរាប់ថាជាប្រវត្តិសាស្ត្រដំបូង នៃការសហការគ្នារវាងអាជ្ញាធរ និងវិស័យឯកជនផងដែរ ៕