ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានបន្តស្នើសុំអោយបងប្អូនកែប្រែទម្លាប់ពីការដាំដុះ បែបកសិករធម្មតា ទៅធ្វើការដាំដុះ ក្នុងនាមជាសហគ្រិន ពោលគឺដាំដុះដើម្បីធ្វើពាណិជ្ចកម្ម ដោយចេះធ្វើផែនការចំណូល និងផែនការចំណាយឱ្យបានច្បាស់លាស់ មានផែនការផ្គត់ផ្គង់ចូលទីផ្សារ ប្រកបដោយគុណភាព សុវត្ថិភាព និងមាននិរន្តភាព។
ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទានផ្សារភ្ជាប់ជាមួយទីផ្សារ ជូនដល់បងប្អូនប្រជាកសិករ ដាំដុះបន្លែសុវត្ថិភាពក្នុងខេត្តសៀមរាប សរុបប្រមាណ ជិត៣០០នាក់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នាសណ្ឋាគារសុខា លោក កៅ ថាច ចង់ជំរុញឱ្យបងប្អូនធ្វើការដាំដុះ ដើម្បីជំនួសការនាំចូលពីបរទេសដែលគ្មានប្រភព និងធ្វើការជំរុញ ដើម្បីនាំចេញផងដែរ។ ការណ៍នេះ ជីវភាពរបស់ប្អូនប្អូននឹងមានការកែប្រែ និងរីកចំរើន។
លោកបន្តថា មិនថាចំពោះការដាំដុះបន្លែ ចំណែក ការដាំដុះស្រូវរបស់បងប្អូនកសិករ លោកក៏បានធ្វើការ ស្នើសុំដោយស្មោះស្មគ្រ ដល់បងប្អូនប្រជាកសិករសូមធ្វើការផ្លាស់ប្តូរផ្នត់គំនិត និងកែប្រែ ពីការធ្វើស្រូវដាក់ជង្រុកសម្រាប់តែការទុកហូបសម្រាប់មួយឆ្នាំ សល់ពីការទុកហូបបានប៉ុន្មានទើបលក់ចេញ មកដាំដុះស្រូវដើម្បីលក់យកចំណេញ ក្នុងជីវភាពជាសហគ្រិន មិនមែនធ្វើកសិកម្មក្នុងជីវភាពជាកសិករធម្មតានោះទេ
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល បានជម្រាបជូនបងប្អូនប្រជាកសិករថា កម្មវិធីនេះគឺរៀបចំឡើងដោយធនាគារអេអឌីប៊ី គឺក្នុងបំណងណែនាំ ឱ្យបងប្អូនស្គាល់ក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាពខ្មែរ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករចុះកិច្ចសន្យា កសិកម្មជាមួយក្រុមហ៊ុននេះដើម្បីឱ្យបងប្អូនមានទីផ្សារច្បាស់លាស់ និងធានាបានតំលៃពិតប្រកដ។ ក្នុងនោះបានកត់សម្គាល់នូវចំនុចសំខាន់ៗ មួយចំនួនជូនដល់បងប្អូនប្រជាកសិករថា ក្រុមហ៊ុននេះបានបង្កើតឡើងដោយមានការចូលរួមគាំទ្រ ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលជាធនាគាររបស់រដ្ឋ និងមានការចូលរួមពីអ្នកជំនួញដែលស្ថិតក្នុងវិស័យឯកជនផងដែរ។
លោកបន្តថា ក្រុមហ៊ុននេះ មានតួនាទីជាអ្នកប្រមូលទិញបន្លែសុវត្ថិភាព ពីបងប្អូនប្រជាកសិករដើម្បីយក ទៅបោះដុំបន្ត និងលក់រាយផងដែរ។ ដូចនេះលោក បានស្នើសុំឱ្យបងប្អូនកសិករ ដែលមានវត្តមាននៅព្រឹកនេះ ធ្វើការពិចារណាចុះកិច្ចសន្យា កសិកម្មជាមួយក្រុមហ៊ុនផ្សារបន្លែសុវត្ថិភាព ដើម្បីធ្វើការផ្គត់ផ្គង់បន្លែចូលទីផ្សារ និងជាពិសេសបងប្អូនកសិករ នឹងឈប់ភ័យព្រួយលើបញ្ហាទីផ្សារ និងលើបញ្ហាតំលៃ ទៀតហើយ។ តាមរយៈកិច្ចសន្យាកសិកម្មនេះកសិផលរបស់បងប្អូននឹងធានាបានទាំងតំលៃ និងនិរន្តភាពទីផ្សារ ពីព្រោះយើងមានអ្នកទទួលទិញពិតប្រាកដ មានទីផ្សារពិតប្រាកដ និងការទូទាត់វិញក៏ពិតប្រាកដដោយមិនធ្វើឱ្យបងប្អូនមានបញ្ហាឡើយ។
លោកបន្តទៀតថា ពិតណាស់បច្ចុប្បន្ននេះ បងប្អូនកសិករមួយចំនួនធំ បាននិងកំពុងជាប់កម្ចីឥណទានដោយអត្រាការប្រាក់ខ្ពស់ជាមួយបណ្តាធានាគារ និងមីក្រូហិរញ្ញវត្ថុផ្សេងៗជាដើម ។ គួបផ្សំជាមួយការរីករាលដាលជំងឺឆ្លងកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ចរន្តសេដ្ឋកិច្ចជាតិ និងជាពិសេសប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាកសិករផងដែរ ។ អាស្រ័យហេតុនេះ ដោយមើលឃើញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានទំលាក់កញ្ចប់ហិរញ្ញប្បទានពិសេស ចំនួន ៥០ លានដុល្លារអាមេរិក តាមរយៈធនាគារអេអឌីប៊ី ដោយអត្រាការប្រាក់ទាប ៥% ក្នុងមួយឆ្នាំសម្រាប់ផ្តល់ជូនដល់ប្អូនកសិករដាំដុះបន្លែ ចញ្ចឹមសត្វ ចញ្ចឹមត្រី ជាដើម។ ឆ្លៀតក្នុងឱកាសនេះ លោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការទំនាក់ទំនងមក ធនាគារអេអឌីប៊ី ក្នុងករណីបងប្អូនមានតម្រូវការឥណទានដើម្បីធ្វើការពង្រីកការដាំដុះ និងអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានោះដែរលោក កៅ ថាច បន្តលើកទឹកចិត្តដល់បងប្អូនកសិករធ្វើការជ្រើសរើសពូជមានគុណភាពក្នុងការដាំដុះ ហើយការដាំដុះទៀតសោត ត្រូវតែរៀបចំផែនការដាំដុះអោយបានត្រឹមត្រូវ និងច្បាស់លាស់ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារបានទៀតទាត់ និងមានស្ថេរភាព ។ ត្រង់នេះ លោកបានសង្គត់ធ្ងន់ថា កន្លងមក បងប្អូនដាំដុះដោយមិនមានផែនការ ជាហេតុធ្វើមានការខាតបង់ ឬ មិនទទួលផលចំនេញច្រើន ដោយសារការផ្គត់ផ្គង់ចូលទីផ្សារមិនជាប់លាប់។ ពេលខ្លះផលិតផលដែលដាំបានជុញគរលើទីផ្សារ ជាហេតុធ្វើអោយធ្លាក់ថ្លៃជាដើម។ លោកបានលើកយកឧទាហរណ៍ជាក់ស្តែង ព្រមជាមួយទឡ្ហីករណ៍មួយចំនួនដើម្បីអោយបងប្អូនប្រជាកសិករ មានមូលដ្ឋានក្នុងការពិចារណា និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតផងដែរ៕