សេដ្ឋកិច្ច

លោក ឃាង ពុទ្ធី ព្រួយបារម្ភ ពីមេរោគ បំលែងខ្លួន Delta Variant បង្កផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​​សេដ្ឋកិច្ច ជា​សាកល និង​កម្ពុជា (Video)

ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធាន​ក្រុមប្រឹក្សា សមាគមអ្នកជំនាញ អចលនទ្រព្យ​កម្ពុជា (CREA) បានលើកឡើងថា ដោយសារ​​ជំងឺកូវីដ១៩ មានការវិឌ្ឍន៍ខ្លួន ជាបន្តបន្ទាប់ ហើយចុងក្រោយ ក្លាយជាប្រភេទ Delta ដែលមានលក្ខណៈងាយឆ្លង ហើយធ្វើឱ្យ​អ្នកជំងឺ មានសភាពធ្ងន់ធ្ងរជាងមុន​​​ ធ្វើឱ្យសេដ្ឋកិច្ច​ពិភពលោក​ ជួបបញ្ហា​ និងស្ថិតនៅក្នុង ភាពមិនច្បាស់លាស់​ សូម្បីតែទីផ្សារហ៊ុន ក្នុងពិភពលោក ក៏កំពុង​បន្តធ្លាក់ចុះដែរ។

លោក ឃាង ពុទ្ធី បន្តថា បញ្ហានេះ ក៏បានបង្កផលប៉ះពាល់ដល់ ទីផ្សារ និងវិស័យអចលនទ្រព្យ នៅកម្ពុជា​ដែរ​ ទាំងវិនិយោគទុន និងទីផ្សារអចលនទ្រព្យ​ ស្ថិតនៅក្នុង ភាពមិនច្បាស់លាស់មួយ​ មិនដឹងថា​ វាឡើងរឺចុះ ខុសពីការគិតទុក​មុន​ ថាឡើងល្អ នៅចុងឆ្នាំនេះ​ ។​

លោក ក៏សូមអំពាវនាវឱ្យប្រជាជន​ អ្នកវិនិយោគទុន​ យុវជនទាំងអស់​ ចូលរួម​ជាមួយរាជរដ្ឋាភិបាល​ ធ្វើការប្រុង​ប្រយ័ត្នខ្ពស់ បង្ការទប់ស្កាត់​កូវីដ១៩ ដោយអនវុត្ត​នូវវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន​ កុំធ្វេសប្រហែស​ កុំជួបជុំ​មនុស្សច្រើនលើស​ពី៥នាក់​ ។

លោក ពុទ្ធី បន្ថែមថា​ “សូមខិតខំការពារខ្លួន និងគ្រួសារខ្លួន​ កុំឱ្យពាក់ព័ន្ធ ជាមួយ​ជំងឺកូវីដ១៩។ ហើយប្រសិនបើ Delta វាយលុកប្រទេសកម្ពុជា យើងឃើញថា បញ្ហាសេដ្ឋកិច្ច​​ និង​វិស័យអចលនទ្រព្យ​ អាជីវកម្ម និងពាណិជ្ជកម្ម នឹងជួប​ការលំបាកជាក់ជា​ ពុំខាន​ ដូច្នេះ ទាំងអស់គ្នា​ ត្រូវចូលរួម​ជាមួយ រាជរដ្ឋាភិបាល” ។

To Top