DAP News

សេដ្ឋកិច្ច

ADB ៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣ នឹងទាបជាងការព្យាករពីដើមឆ្នាំបន្ដិច ពី៥,៥% មកត្រឹម៥,៣%

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច ពោលគឺពី ៥,៥% មកត្រឹម ៥,៣% វិញ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុក នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។

របាយការណ៍របស់ ADB បានបន្តរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦.០% ដដែល។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំកម្ពុជា មានប្រសាសន៍ថា «ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗ ដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹងជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុក បានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។ វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះកំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយ សារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍»។

ADB បានឲ្យទៀតថា ការព្យាករកំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ បានកើនឡើងពី ៧.៣% ទៅ ៨.០%។ ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥.៨% មក ៤.៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១.១% ទៅ ០.៩%។ របាយការណ៍នេះ រក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣.០% និងឆ្នាំក្រោយនៅកម្រិត ៤.០%។ ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួម ឱនភាពគណនីចរន្ត។

ADB បន្ដថា ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់ និងអំពីស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាសផែនដី៕

To Top