សេដ្ឋកិច្ច

ADB អនុម័តកម្ចី ៥០លានដុល្លារ ដើម្បីពង្រឹងកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្មវិធីរងទីពីរ នៃកម្មវិធី ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំង សមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។

វិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរងទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។ ទាំងនេះរួមមាន ការកែលម្អផែនការយុទ្ធសាស្រ្ត និងការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូល ដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព, និងការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។

កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុងនិងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្តការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធី នឹងផ្តល់នូវលំហសារពើពន្ធបន្ថែម ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលអាចធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ ព្រមទាំងគាំទ្រកំណើនប្រកបដោយបរិយាបន្ន»។

ADB ជាដៃគូយូរមកហើយក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។ កម្មវិធីរងទីពីរនេះបង្កើតឡើងផ្អែកលើមូលដ្ឋានទាំងនេះ និងរួមបញ្ចូលការអភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាល អំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាបយេនឌ័រ នៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ។ វាក៏មានបញ្ចូលផងដែរនូវការសម្របខ្លួននិងការកាត់បន្ថយផលប៉ះពាស់នៃបម្រែបម្រួលអាកាសធាតុ ក្នុង គម្រោងវិនិយោគសាធារណៈ ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ និងបានធានានូវការ បែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

To Top