យើងរំលឹកឡើងវិញ ពីរយៈពេល៤៥ឆ្នាំ នៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ច របស់ប្រទេសចិន ដើម្បីលាតត្រដាតឱ្យឃើញ នូវចក្ខុវិស័យទូលំទូលាយតាមរយៈគំនិត ជាយុទ្ធសាស្ត្រប្រកប ដោយត្រីវិស័យស្រប តាមនិយាមគរុសភា។ ច្បាស់ណាស់ដែលថា រយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនត្រូវបានពិភពលោក យល់យ៉ាងច្បាស់ពីទស្សនវិស័យ ទូលំទូលាយ ធនធានដ៏សំបូរបែប ស្មារតីនិង គតិបណ្ឌិតរបស់ប្រទេសចិន ពីព្រោះតាមរយៈកំណែទម្រង់ បើកចំហសេដ្ឋកិច្ច បាននាំការអភិវឌ្ឍ ក្នុងប្រទេស និងអន្តរជាតិដោយ មានការផ្សារភ្ជាប់គ្នា រវាងចិន និងពិភពលោក និងបានឈានចូល ដំណាក់កាលថ្មី របស់ប្រទេសចិនក្នុងការបោះជំហាន យ៉ាងស្វាហាប់ នៅលើវិថី នៃការធ្វើទំនើបកម្មសង្គម និយមតាមបែបផែនចិន ។
ជាក់ស្តែង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកពិព័រណ៍នាំចូល អន្តរជាតិចិនលើកទី៤ តាមប្រព័ន្ធវីដេអូ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា គន្លឹះគូសបញ្ជាក់ថា «ទ្វាររបស់ប្រទេសចិន គឺបើកចំហនិងមិនបិទជារៀងរហូត ហើយបើកឱ្យកាន់តែទូលំទូលាយ ថែមទៀតផង។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយប្រទេស ទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោក ដោយរូបភាពបើកចំហ ដើម្បីឱ្យខ្យល់និទាឃរដូវនៃការបើកចំហ នឹងនាំមកនូវភាពកក់ក្តៅដល់គ្រប់ផ្នែកនៃពិភពលោក»។ រយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ដែលមិនត្រឹមតែជាតួអង្គនៅក្នុងសង្វាក់ផលិតកម្មសកល អភិបាលកិច្ចសកល សន្តិសុខសកល អរិយធម៌សកល និង អភិវឌ្ឍសកលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករ ដ៏សំខាន់ នៅក្នុងកិច្ចកសាងសហគមន៍ រួមជីវិតសុខដុមនីយកម្ម រវាងមនុស្សនិងធម្មជាតិ តាមរយៈទស្សនៈអរិយធម៌ អេកូឡូស៊ីប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះសុខុមាលភាព របស់ផែនដី។
យើងរំលឹកឡើងវិញ ពីរយៈពេល ៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ច របស់ប្រទេសចិន ដោយសិក្សាពីគំនិត ទូលំទូលាយ របស់ប្រទេសចិន និង ការលះបង់សម្រាប់មនុស្សជាតិ។ ភាពរីកចម្រើនរបស់ប្រទេសចិន ចាប់តាំងពីផែនការ៥ឆ្នាំលើកទី៦រៀង មកបានក្លាយជាផែនការមេ សម្រាប់ពូនផ្តុំការអភិវឌ្ឍសកល ដែលមនុស្សជាតិគួរតែសាបព្រោះ និងឈ្វេងយល់បន្ថែម ។ នៅក្នុងការវិភាគប្រកប ដោយប្រាជ្ញាចិនអំពីលក្ខណៈពិសេស និងការអភិវឌ្ឍ នៃនិន្នាការពិភពលោកសព្វថ្ងៃនេះ ប្រទេសចិនតែងបានប្រើប្រាស់ពាក្យ ដ៏សាមញ្ញនោះគឺ ពិភពលោក បច្ចុប្បន្នជាពិភពលោក ដែលបើកចំហ ហើយប្រទេសចិន មិនអាចអភិវឌ្ឍនៅពីក្រោយការបិទទ្វារ និងរឹងរឹតតែមិនអាច អភិវឌ្ឍនៅដាច់ ដោយឡែកពីពិភពលោក ទាំងមូលបានឡើយ ។ ដូចដែលជនជាតិចិន ធ្លាប់បាននិយាយថា «មហាសមុទ្រ ធំ ល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់»។ ការបើកចំហ និងការរួមបញ្ចូលគ្នា បានធ្វើឲ្យប្រទេសចិន ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគពហុភាគីនិយម ។ ក្នុងន័យនេះ ទើបកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីអបអរសាទរខួប១០០ឆ្នាំ នៃថ្ងៃកំណើតបក្សកុម្មុយនិស្តចិន លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា «តាមរយៈការខិតខំប្រឹង ប្រែងជាប់ជាប្រចាំ របស់បក្សទាំងមូល និងប្រជាជាតិទាំងមូល ប្រទេសចិន បានសម្រេចបានគោលដៅប្រចាំ សតវត្សរ៍ដំណាក់ កាលទីមួយ ចិន បានកសាងសង្គមមួយ ដែលប្រជាជនមានជីវភាព ធូរធារកម្រិត មធ្យមលើគ្រប់វិស័យ បានដោះស្រាយបញ្ហានភាពក្រីក្រ ជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសចិន»។ បន្ថែមពីលើនេះ ក្រៅពីជួយដោះស្រាយវិបត្តិភាពក្រីក្រ ដល់ប្រជាជនរបស់ខ្លួន ប្រទេសចិនតាមរយៈគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» បានជួយមនុស្សជាតិចំនួន៧.៦លាននាក់ ចេញពីភាពក្រីក្រខ្លាំង និង៣២លាននាក់ចេញពីភាពក្រីក្រ កម្រិតមធ្យមនៅទូទាំងពិភពលោក ។
យើងរំលឹកឡើងវិញពីរ យៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសិក្សាពីភាពក្លាហាន ផ្នែកនយោបាយរបស់ប្រទេសចិនក្នុងការងារ ត្រួសត្រាយនិង ការងារច្នៃប្រឌិត ។ តួនាទីអភិបាលកិច្ចសកល របស់ប្រទេសចិនត្រូវ បានគេកត់សម្គាល់ថា ជាស្មារតីត្រួសត្រាយ និងច្នៃប្រឌិត ដែលមនុស្សជាតិ គួរតែត្រូវបានបន្តទៅមុខ ដោយរួមកម្លាំងសាមគ្គីប្រកៀក ស្មារជាមួយប្រទេសចិនក្នុងស្មារតី ប្រកបដោយភាព ទទួលខុសត្រូវក្នុងប្រវត្ដិសាស្ដ្រ។ ដោយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ប្រទេសចិនតែងបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការចាត់ទុកបញ្ហា នៃការអភិវឌ្ឍសកល ជាបញ្ហាមួយដែលពាក់ព័ន្ធ នឹងមនុស្សជាតិ ទាំងអស់ ហើយតែងកៀរគរពិភពលោកឱ្យសិក្សានិងដោះស្រាយបញ្ហា សកលតាមស្ថានភាពជាក់ស្តែង ។ បទពិសោធន៍ពោរពេញ ដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងរយៈពេល៤៥ឆ្នាំនេះ ប្រទេសចិនបានរួមចំណែកកសាង ពិភពលោកមួយ ដែលមានលក្ខណៈបើកចំហ និងប្រកបដោយបរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក ដោយហេតុថាពិពិធកម្ម នៃអរិយធម៌របស់មនុស្សជាតិ មិនត្រឹមតែកំណត់លក្ខណៈឲ្យពិភពលោក របស់យើងប៉ុណ្ណោះទេ ថែមទាំងបានជំរុញឲ្យ មាននូវវឌ្ឍនភាព របស់មនុស្សជាតិផងដែរប្រៀបដូចជា «ស៊ុបឆ្នាំងភ្លើងឆុងឈីងដែលល្បីឆ្ងាញ់ពិសា ត្រូវបានចម្អិនដោយមានគ្រឿង ផ្សំជាច្រើនផ្សេងគ្នា» ។
យើងរំលឹកឡើងវិញ ពីរយៈពេល៤៥ឆ្នាំនៃកំណែទម្រង់ បើកចំហសេដ្ឋកិច្ច របស់ប្រទេសចិន ដោយសិក្សាពី សេចក្តីស្រឡាញ់ ដ៏មហិមារបស់ប្រទេសចិនចំពោះប្រជាជនចិននិងមនុស្សជាតិ។ កំណែទម្រង់របស់ប្រទេសចិន គឺជាការបង្ហាញពីសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិដែលជាប្រភពនៃកម្លាំងដែលមិនចេះរីងស្ងួតសម្រាប់ពិភពលោក។ ជ្រុងមួយក្នុងចំណោមការអភិវឌ្ឍ ជាច្រើនរបស់ប្រទេសចិន ដោយចាប់ផ្តើមពីឆ្នាំ១៩៨៨ គឺជារបត់ថ្មីមួយនៅក្នុងការ អភិវឌ្ឍផ្លូវល្បឿនលឿនទី១ របស់ប្រទេសចិន ហើយឆ្លងកាត់រយៈពេលបីទសវត្សរ៍មក ប្រទេសចិនមានផ្លូវល្បឿន លឿនប្រវែង១៦០,០០០គីឡូម៉ែត្រ ដែលជាប្រវែងច្រើនជាងប្រទេសផ្សេងទៀត នៅក្នុងពិភពលោក។ នេះជាការបញ្ជាក់ថា សកលភាវូបនីយកម្ម សេដ្ឋកិច្ច ដែលជានិន្នាការប្រវត្តិសាស្ត្រ ដែលកំពុងលូតលាស់ យ៉ាងឆាប់រហ័ស បានធ្វើការសម្រប សម្រួល ដល់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ លំហូររបស់ប្រជាជន និងការរីកចម្រើន នៃបច្ចេកវិទ្យាយ៉ាងអស្ចារ្យ។ រយៈពេល៤៥ឆ្នាំមកនេះ បទពិសោធន៍របស់ប្រទេសចិន ដែលបានប្រែក្លាយខ្លួនពីប្រទេសក្រីក្រនិងទន់ខ្សោយ ទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត លំដាប់ទី២តាមរយៈកិច្ចខិតខំប្រឹងប្រែង របស់ប្រជាជនចិន បានក្លាយជាបទពិសោធន៍ ជាមគ្គុទេសក៍និងបង្កើនល្បឿន ដល់បណ្តាប្រទេសនានារួមកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនក្នុង កិច្ចកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។
ជារួម រយៈពេល៤៥ឆ្នាំ ដោយគិតចាប់ពីឆ្នាំ១៩៧៨មក ប្រទេសចិនបន្ត ធ្វើការលើកកម្ពស់ កិច្ចខិតខំប្រឹងប្រែងនានា ដើម្បីបង្កើតនូវក្របខណ្ឌ នៃទំនាក់ទំនងជាមួយបណ្តា ប្រទេសសំខាន់ៗ ដែលមានផ្តោតលើស្ថិរភាព និងតុល្យភាព នៃកំណើនសេដ្ឋកិច្ចជាទូទៅ ។ ប្រទេសចិនតែងបន្តប្រកាន់ខ្ជាប់ នូវទស្សនៈគុណធម៌ ទទួលផលប្រយោជន៍ត្រឹមត្រូវ និងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីលទ្ធផលជាក់ស្តែង ជាមួយបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេច បាននូវការ អភិវឌ្ឍរួម ដោយផ្អែកលើមូលដ្ឋាន នៃមិត្តភាពភាព ស្មោះត្រង់ ផលប្រយោជន៍រួម និងបរិយាប័ន្នប្រកប ដោយជំនឿទុកចិត្ត និងលទ្ធផល ជាក់ស្តែង តាមរយៈការលើកកម្ពស់ភាពជាដៃ គូសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយជាមួយបណ្តាប្រទេសនានា ឲ្យដល់កម្រិតមួយកាន់តែល្អប្រសើរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិសមាគម មិត្តភាពកម្ពុជា-ចិន