DAP News

សេដ្ឋកិច្ច

តើពលរដ្ឋនឹងទទួលបានប្រយោជន៍អ្វីពីការវិនិយោគនៃក្រុមហ៊ុនធំៗលើវិស័យឧស្សាហកម្មរថយន្តនៅកម្ពុជា?

បច្ចុប្បន្នភាពគេសង្កេតឃើញថា កម្ពុជាកំពុងក្លាយប្រទេសមួយដែលមានកំណើតសេដ្ឋកិច្ចល្អគួរឱ្យកត់សម្គាល់។ សម្គាល់តាមរយៈសម្ទុះនៃការនាំចេញកសិផល សម្ភារៈវាយនភណ្ឌ និងការបោះទុនវិនិយោគជាច្រើនកំពុងលេចវត្តមានឡើងនៅកម្ពុជា។​ ជាក់ស្តែងព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ អគ្គនាយកក្រុមហ៊ុន BYD បានមកកម្ពុជាហើយចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។ សន្ទុះនៃការងើបឡើងលើការវិនិយោគដូចជាឧស្សាហកម្មរថយន្ត រោងចក្រកាត់ដេរ និងការបោះទុនវិនិយោគលើប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក​ សុទ្ធតែជាកក្តាវាស់វែងសំខាន់មួយនៃសេដ្ឋកិច្ចពានិជ្ជកម្មនៅកម្ពុជា។ សំណួរសួរថាតើពលរដ្ឋខ្មែរ នឹងទទួលបានប្រយោជន៍អ្វីខ្លះតាមរយៈគម្រោងវិនិយោគធំៗទាំងនេះ?

គេអាចប្រៀបធៀបការវិនិយោគប្រៀបបាននឹងទឹកភ្លៀង។ បើភ្លៀងតិចសើមដីតិច បើភ្លៀងច្រើនសើមដីច្រើន។ ភ្លៀងកន្លែងណាទឹកដក់កន្លែងនោះ ហើយពលរដ្ឋអាចចាប់ផ្តើមមានទឹកមាត់លេបឡើងវិញ។ មានទឹកមាត់លេប ព្រោះអាចចាប់ផ្តើមភ្ជួររាស់ កាច់សា សាបព្រោះដកស្ទូងស្រូវបាន។ ដូចគ្នាអ៊ីចឹងដែរ នៅពេលមានជនបរទេសមករកស៊ីនៅស្រុកខ្មែរច្រើន នោះផលប្រយោជន៍នឹងធ្លាក់ដល់ដៃប្រជាជនខ្មែរគ្រប់រូប។ ហើយពលរដ្ឋខ្មែរត្រូវខិតខំរត់ឱ្យទាន់ឱកាសនានាដែលកំពុងលេចវត្តមាននៅកម្ពុជា។ កម្ពុជាដែលស្ថិតនៅចន្លោះក្រុងធំពីរនៅអាស៊ីអាគ្នេយ៍ គឺបាងកកនៅថៃ និងក្រុងហូជីមិញប្រទេសវៀតណាម។ ពលរដ្ឋម្នាក់ៗ ត្រូវពង្រឹងជំនាញវិជ្ជាជីវៈឱ្យបានពូកែ និងស្នាត់ជំនាញ។ រីឯយុវជនត្រូវខិតខំពង្រឹងជំនាញរយៈពេលវែងដើម្បីប្រកួតប្រជែងការងារជាមួយនឹងបណ្តាយុវជនបរទេសផ្សេងៗដែលនឹងបំពេញការងារនៅកម្ពុជាក្នុងពេលបច្ចុប្បន្ននិងអនាគត។

ជុំវិញការវិនិយោគឧស្សាហកម្មរថយន្តខ្នាតធំនេះលោកបណ្ឌិតសេដ្ឋកិច្ច គី សិរីវឌ្ឍន៍ បានលើកឡើងថា កម្ពុជានឹងក្លាយជាមណ្ឈមណ្ឌលកណ្តាលរបស់អាស៊ីអាគ្នេយ៍សម្រាប់វិនិយោគនៅពេលអនាគត។ អនាគតមួយដែលជាឱកាសល្អសម្រាប់ពលរដ្ឋគ្រប់រូប​ជាពិសេសយុវជន។ ហើយកម្ពុជានឹងប្រែក្លាយកម្លាំងពលកម្ម ប្រើដោយកម្លាំងទៅជាកម្លាំងពលកម្មតាមបែបបច្ចេកទេស អមដោយបច្ចេកវិទ្យា។ លោកបន្តថា “ពាក់ព័ន្ធនឹងក្រុមហ៊ុន BYD មកវិនិយោគនៅកម្ពុជានេះ មានន័យថា ប្រទេសកម្ពុជាបានផ្លាស់ប្ដូររបត់និយ័តកម្ម ចាកចេញពីប្រទេសដែលមានឧស្សាហកម្មប្រើកម្លាំងពលកម្ម មកឧស្សាហកម្មបច្ចេកវិទ្យាកាន់តែទំនើប។ ចំណុចនេះហើយដែលបង្ហាញពីការលូតលាស់នៃសេដ្ឋកិច្ច និងការត្រៀមខ្លួនក្នុងការចាកចេញពីប្រទេសក្រីក្រក្នុងឆ្នាំ២០២៧ ២០២៨ខាងមុខនេះ ហើយវត្តមាននៃក្រុមហ៊ុននេះគឺនឹងឈានទៅទាក់ទាញការវិនិយោគផ្នែករថយន្តនានា និងផ្សេងៗទៀតមកកាន់ប្រទេសកម្ពុជាផងដែរ។ ចំណុចនេះហើយដែលយើងហៅថា សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកលើការនាំចេញ ជាជាងការចំណាយលើការប្រើប្រាស់ដូចកាលពីឆ្នាំ២០១៩ ដែលឈានដល់ការជួបវិបត្តិនៅឆ្នាំ២០២២, ២០២៣ នេះ”។

ទាក់ទងនឹងការគ្រោងបោះទុនវិនិយោគរបស់ក្រុមហ៊ុនBYDនៅកម្ពុជានេះ លោក ធី ចន្ទនិមល អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC លើកឡើងថា វាជារឿងល្អដែលមានក្រុមហ៊ុនរថយន្តធំរបស់ចិននៅកម្ពុជា។ ប៉ុន្តែវាអាចបណ្តាលឱ្យប្រកួតប្រជែងទីផ្សារកាន់តែចង្អៀត។ ចង្អៀតព្រោះថា កម្ពុជាមានអត្រាប្រជាជនតិច ទីផ្សារតូច ហើយមានរថយន្តមួយទឹកជាច្រើនកំពុងប្រកួតប្រជែងគ្នា។ លោកយល់ថា “ប្រសិនបើគម្រោងនេះដំណើរការប្រាកដមែន ខ្ញុំយល់ឃើញថាវានឹងផ្ដល់នូវផលវិជ្ជមានក្នុងការទាក់ទាញវិនិយោគបន្ថែមនៅក្នុងវិស័យផលិតយានយន្តនៅប្រទេសកម្ពុជា។ ដូច្នេះវានឹងផ្ដល់ឱកាសការងារកាន់តែច្រើនដល់ប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជាមានជម្រើសកាន់តែច្រើនក្នុងការជ្រើសរើសប្រើរថយន្តដែលផលិតនៅក្នុងប្រទេសកម្ពុជាយើង”។

ជាការពិតណាស់កាលព្រឹកថ្ងៃទី១៥ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព។ ការចូលជួបពិភាក្សាការងារនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម យល់ថាជាឱកាសពិសេសមួយដែលអាចទាញក្រុមហ៊ុនធំៗផ្សេងទៀតនឹងក្រឡេកមកមើលកាន់កម្ពុជា។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division បានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន។ យោងតាមកិច្ចប្រជុំក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដោយមានសមត្ថភាពដំឡើងរថយន្តចំនួន២០,០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ។

កាលពីថ្ងៃទី៦ខែមិថុនាកន្លងទៅ ធនាគារពិភពលោកបានបានចេញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេកិច្ចកម្ពុជា  ធនាគារពិភពលោកបានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងប្រសើរពីកម្រិត៥,៦% ក្នុងឆ្នាំ២០២៣​ ទៅ៥,៨% នៅឆ្នាំ២០២៤  ហើយនឹងអាចប្រសើរឡើងបន្ថែមទៀត៦,១% នៅឆ្នាំ២០២៥ និង៦,៤% នៅឆ្នាំ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃវិស័យទេសចរ។​ គេសង្កេតឃើញថា នៅពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីភ្លាម សម្តេចធិបតី ហ៊ុន ម៉ាណែន បានចេញគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យបាន១លាន ៥សែននាក់ ដល់យុវជនខ្មែរ។ តាមរយៈផែនការនេះ យុវជនជាច្រើន បានចាប់យកជំនាញវិជ្ជាជីវរយៈពេលខ្លីមានជាអាទិ៍ ការរៀនជួសជុលរថយន្តជាដើម។ អ្នកជំនាញសេដ្ឋកិច្ចពាណិជ្ជកម្មលើកឡើងថា ពលរដ្ឋខ្មែរត្រូវប្រឹងពង្រឹងជំនាញបែបឧស្សាហកម្មនិងបច្ចេកវិទ្យាឱ្យល្អប្រសើរដើម្បីប្រកួតប្រជែងទាំងការងារក្នុងស្រុកនិងក្រៅស្រុក។ អ្នកសេដ្ឋកិច្ចអះអាងដោយរំពឹងថា ក្រោយពេលក្រុមហ៊ុន តូយ៉ូតា ក្រុមហ៊ុន ហ្វត និងក្រុមហ៊ុន BYD មកបោះទុនវិនិយោគនៅកម្ពុជា កម្ពុជានឹងក្លាយជាជង្រុកការងារដ៏សម្បូរបែបសម្រាប់ពលរដ្ឋនាពេលអនាគត៕

To Top