គេសង្កេតឃើញថា នៅក្នុងពិភពជំនួញបច្ចុប្បន្នមានទំនោរខ្ចីលុយយកមករកស៊ីបីប្រភេទ។ ដំណាក់កាលចាប់ផ្តើម អ្នករកស៊ីអាចខ្ចីលុយម្តាយឪពុក បងប្អូននិងមិត្តភក្តិ ដើម្បីជាដើមទុនរកស៊ី។ ទី២ ក្រៅពីខ្ចីលុយពីបងប្អូនមិត្តភក្តិ និងគ្រួសារ អ្នកជំនួញអាចខ្ចីពីធនាគារនិងទី៣ គឺខ្ចីលុយពីអ្នករកស៊ីចងការប្រាក់ឯកជនដែលមានការប្រាក់ខ្ពស់។ ការខ្ចីលុយពីគ្រួសារនិងបងប្អូន ភាគច្រើនមិនសូវមានបញ្ហាធំដុំកើតឡើងទេ។ ប៉ុន្តែការខ្ចីឯកជនដែលមានការប្រាក់ខ្ពស់ក្លាយជាបញ្ហា និងជាបន្ទុកនៃសង្គមអ្នករកស៊ីនាពេលបច្ចុប្បន្ន។ ករណីខ្ចីលុយជាមួយនឹងការប្រាក់ខ្ពស់នេះ ភាគច្រើនតែងតែកើតឡើងពេលចរន្តបង្វិលចុះឡើងមានការកកស្ទះ(បង្វិលលុយមិនទាន់)។ អ្នកជំនាញសង្កេតឃើញថា បានកើតឡើងនៅក្នុងពិភពនៃអ្នកធ្វើជំនួញជួញដូរនានាមិនថាតូចឬធំនោះទេ។ គេសង្កេតឃើញថា អ្វីដែលកំពុងកើតមានជាច្រើនករណីនៅកម្ពុជានោះ គឺខ្ចីលុយពីឯកជនដែលមានការប្រាក់ខ្ពស់ដោយដាក់លក្ខខណ្ឌបញ្ចាំសែកអត់លុយឬសែកស្អុយ។ ទាក់ទងនឹងការខ្ចីលុយដោយបញ្ចាំសែកនេះ អ្នកជំនួញចាស់វស្សា និងជាអគ្គនាយកវិទ្យាស្ថានវ៉ាន់ដា គណនេយ្យលោកហេង វណ្ណដា បានលើកឡើងថា ជាអ្នករកស៊ីនាពេលបច្ចុប្បន្ន គឺប្រឈមមុខនឹងបញ្ហាជាច្រើន។ ការប្រឈមមុខនឹងបញ្ហានេះ បណ្តាលឱ្យអ្នករកស៊ីដោះស្រាយមិនបញ្ចេញ ជាពិសេសអាជីវកម្មមួយចំនួនងាយនឹងបរាជ័យព្រោះស្ថានភាពពិភពលោកបានទាញដៃកម្ពុជាឱ្យធ្លាក់ទៅក្នុងវិបត្តិ។ ទាញដៃឱ្យធ្លាក់ចូលក្នុងវិបត្តិ ព្រោះសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែន បញ្ហានៅមជ្ឃិមបូព៌ា សង្គ្រាមសេដ្ឋកិច្ចរវាងលោកខាងលិច និងចិនជាដើម។ ហើយថ្មីៗនេះករណីលបធ្វើឃាតលោកដូណាលត្រាំ បានជំរុញឱ្យសេដ្ឋកិច្ចពិភពលោកដាំក្បាលចុះយ៉ាងខ្លាំង។
លោកបានបន្តទៀតថា នៅពេលវិបត្តិផ្ទួនៗនៅក្នុងពិភពលោកបានកើតឡើង អាចបណ្តាលឱ្យស្ថានភាពសេដ្ឋកិច្ចថ្នាក់ជាតិ (ម៉ាក្រូសេដ្ឋកិច្ច)មានភាពមិនល្អ មិននឹងនោះទេ។ មិនល្អ ព្រោះសេដ្ឋកិច្ចកម្ពុជា ពឹងអាស្រ័យលើសេដ្ឋកិច្ចពិភពលោក។ ភាពមិនល្អប្រសើរនៃម៉ាក្រូសេដ្ឋកិច្ចនឹងបង្កផលលំបាកដល់សេដ្ឋកិច្ចថ្នាក់ក្រោមជាតិ (មីក្រូសេដ្ឋកិច្ច)។ អ៊ីចឹងបញ្ហាវិលជុំនៃសេដ្ឋកិច្ចប្រៀបបានទៅនឹងទៅកង់រទេះគោ ដែលវិលចុះវិលឡើងគ្មានទីបញ្ចប់ និងមិនអាចបញ្ចប់។ បើសេដ្ឋកិច្ចថ្នាក់ជាតិល្អ អាចជួយគ្រោះសេដ្ឋកិច្ចថ្នាក់ក្រោមជាតិ ឬសេដ្ឋកិច្ចថ្នាក់មូលដ្ឋានបាន។ ហើយបើមីក្រូសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋានមានភាពល្អប្រសើរ គឺអាចបន្ថែមកម្រិតGDP កាន់តែល្អប្រសើរ។ មានន័យថា បើខាងក្រោមរកលុយបាន ខាងលើក៏ស្រួលដែរ បើខាងលើរកបាន តែខាងក្រោមរកមិនបាន ខាងលើក៏មានផលលំបាកដែរ។ ព្រោះអ្វីៗត្រូវយឹតយោងគ្នាទៅវិញទៅមក។
ជាការពិតណាស់មូលប្បទានបត្រ ឬសាធារណជនទូទៅស្គាល់ថា «សែក» គឺជាបញ្ជាជាលាយលក្ខណ៍អក្សរទៅកាន់ធនាគារ និងមានចុះហត្ថលេខាឬសរសេរឈ្មោះដោយបុគ្គលជាម្ចាស់សែក ក្នុងការតម្រូវឱ្យធនាគាររទូទាត់សាច់ប្រាក់តាមចំនួនកំណត់ទៅឱ្យបុគ្គលណាមួយ។ តែយ៉ាងណា ការចេញ «សែក» នេះទៀតសោត គេសង្កេតឃើញមានបុគ្គលជាអ្នករកស៊ីតូចធំ ឧកញ៉ា មន្ត្រីរាជការ រួមទាំងអ្នកនយោបាយផងនោះ បានរងការចោទប្រកាន់ និងចាប់ខ្លួននៅពន្ធនាគារជាបន្តបន្ទាប់ ដោយហេតុថា អ្នកទាំងនោះបានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ឬហៅថា «សែកស្អុយ»។
ជាការកត់សម្គាល់ បុគ្គលដែលបានចេញសែកស្អុយភាគច្រើនកើតចេញពីការខ្ចីប្រាក់ពីអ្នកដទៃ ហើយអស់លទ្ធភាពក្នុងការសងប្រាក់ទៅម្ចាស់បំណុល ទើបម្ចាស់បំណុលបានលួងលោមឱ្យកូនបំណុលចេញសែកដើម្បីធានាបំណុល។ ការចេញសែកគ្មានសាច់ប្រាក់បែបនេះ បានបង្កើតជាបទល្មើសព្រហ្មទណ្ឌដែលឈានទៅចាប់ឃាត់ខ្លួនភ្លាមៗ បើមានពាក្យបណ្តឹងពីម្ចាស់បំណុល។
ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយនេះ មាត្រា២៣១នៃច្បាប់ ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់បានចែងថា «បុគ្គលណាដែលមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៅពេលដល់ឥណប្រតិទាន ដោយមានបំណងនិងដោយមានចេតនាធ្វើឱ្យខូចប្រយោជន៍អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល ដោយមិនទាន់គិតដល់កាតព្វកិច្ចទូទាត់សងចំនួនសាច់ប្រាក់នៃឧបករណ៍អាចជួញដូរបាននោះទៅអ្នកកាន់»។ អ្នកជំនួញជើងចាស់លោកហេង វណ្ណដា បានលើកឡើងថា ម្ចាស់បំណុលនិងកូនបំណុលត្រូវចេះយោគយល់គ្នានៅក្នុងគ្រាដ៏លំបាកនាពេលបច្ចុប្បន្ន។ ការប្តឹងផ្តល់គ្នានៅតុលាការមិនងាយស្រួលនោះទេ។ ព្រោះទាំងម្ចាស់បំណុលនិងកូនបំណុលនឹងខាតបង់ចុះឡើងស្មុគ្រស្មាញដូចគ្នា។
ជុំវិញការខ្ចីលុយដែលមានការប្រាក់ខ្ពស់នេះដែរ ភាគច្រើនម្ចាស់បំណុលប្រើរូបភាពនៃកិច្ចសន្យាបីប្រភេទ។ ទី១ កិច្ចសន្យាខ្ចីលុយដែលមានអត្រាការប្រាក់ចន្លោះពី ២.៥ភាគរយ ទៅដល់១០ភាគរយ ក្នុងមួយខែ។ កិច្ចសន្យាទី២ គឺកិច្ចសន្យាដែលមានសរសេរអត្រាការប្រាក់ត្រឹមតែ ១.៥ភាគរយក្នុង១ខែ។ ការប្រើកិច្ចសន្យានេះ ម្ចាស់បំណុលនឹងយកកិច្ចទី២ ទៅប្រើនៅពេលប្តឹងផ្តល់គ្នានៅតុលាការ។ ហើយយកកិច្ចសន្យាទី១ ប្រើការពេលទារលុយពីកូនបំណុល។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ កិច្ចសន្យាខ្ចីលុយអមដោយកិច្ចសន្យាទិញលក់ផ្តាច់អចលនទ្រព្យ។ កិច្ចសន្យាទី៣នេះ ភាគច្រើនម្ចាស់បំណុលយកនៅប្រើដើម្បីដាក់សម្ពាធកូនបំណុល ពេលទារលុយមិនបាន និងជាភស្តុតាងពេលប្តឹងផ្តល់គ្នានៅតុលាការ។ ករណីនេះ ភាគច្រើនម្ចាស់បំណុលយកកិច្ចសន្យាខ្ចីលុយនោះ ដើម្បីកាត់យកទ្រព្យកូនបំណុលតែម្តង។ ជាការពិតណាស់ការបញ្ចាំសែកស្អុយ ឬសែកអត់លុយនេះ គឺកើតចេញពីការកក់ស្ទះចរន្តលុយ រកស៊ីបង្វិលលុយមិនទាន់ ឬអាជីវកម្មបរាជ័យជាដើម ឬដោយសារមិនអាចបង្វិលលុយពីកម្ចីធនាគារបាន។ ជាហេតុឱ្យអ្នករកស៊ីមួយចំនួនដែលស្ទះលុយ សម្រេចចិត្តរត់ទៅខ្ចីលុយគេ។ ខ្ចីលុយគេ ជាមួយនឹងលក្ខខណ្ឌមិនសូវតឹងរឹងដូចធនាគារ ប៉ុន្តែម្ចាស់បំណុលទាមទារឱ្យដាក់សែកបញ្ចាំ ដើម្បីជាថ្នូរនឹងការបញ្ចាំប្លង់ដី ដើម្បីទំនុកចិត្ត និងការពារហានិភ័យរបស់ម្ចាស់បំណុល។ ប៉ុន្តែនៅពេលកូនបំណុលសងលុយយឺត ឬមិនទៀងទាន់ពេលវេលា ម្ចាស់បំណុលតែងតែគំរាមយកទៅធនាគារដើម្បីដកលុយ(ឃ្លាសែក)។ ហើយករណីសែកនោះស្អុយ(មិនមានលុយ) ម្ចាស់បំណុលនឹងប្តឹងទៅតុលាការពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។ នៅក្នុងសង្គមបច្ចុប្បន្ន គេសង្កេតឃើញថា ការខ្ចីលុយគ្នារកស៊ីជារឿងរដ្ឋប្បវេណី ប៉ុន្តែនៅពេលមានបញ្ចាំសែក ម្ចាស់បំណុលបានទាញពី “ករណីរដ្ឋប្បវេណីទៅជាករណីព្រហ្មទណ្ឌ”៕