DAP News

សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នា ពង្រឹងសុវត្ថិភាពទេសចរណ៍

ភ្នំពេញ៖ លោក ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹងសុវត្ថិភាព​និងសន្តិសុខ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកម្សាន្តសប្បាយ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់ការពង្រឹងសុវត្ថិភាពទេសចរណ៍” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋលេខាធិការ លើកឡើងថា ជាការពិតណាស់ សន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ “គឺជាបញ្ហារួមមួយដែល យើងត្រូវចូលរួមទាំងអស់គ្នា ចាប់ពីស្ថាប័នមានសមត្ថកិច្ច អ្នកផ្តល់សេវាកម្មទេសចរណ៍ រហូតដល់សហគម ន៍និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាភ្ញៀវទេសចរ ទទួលបានសុវត្ថិភាពល្អ និងមិនមានប្រព្រឹត្តល្មើសច្បាប់ នៅក្នុងអំឡុងពេលស្នាក់នៅ ព្រះរាជាណាចក្រកម្ពុជា”។ នេះបើតាមទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP)។

លោក បានបន្តថា សិក្ខាសាលានេះ មានគោលបំណង ចូលរួមចំណែកលើកកម្ពស់ ការយល់ដឹងអំពីការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពទេសចរណ៍ ដើម្បីផ្តល់ភាពកក់ក្តៅ ជូនភ្ញៀវទេសចរ និងរក្សាបានមុខមាត់ប្រទេសជាតិ ក៏ដូចជាបង្កើនភាពទាក់ទាញថែម មួយកម្រិតទៀត។ វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយ ដែលទទួលបានការគិតគូរយកចិត្តទុកដាក់ពី រាជ រដ្ឋាភិបាល ដោយត្រូវបានកំណត់ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

មន្រ្តីរូបនេះ បន្ថែមថា ក្រសួង ក៏បានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយគុណភាព និងមានភាពទាក់ទាញខ្ពស់។ កាលពីថ្មីៗនេះ កម្ពុជាត្រូវបានចាត់ទុកជាគោល ដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក ការទទួលបានពានរង្វាន់នេះ គឺជាការទទួលលើកទី៤។

លោក បន្តថា “យើងទាំងអស់ដែលជាប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីរៀងៗខ្លួន ក្នុងការចូលរួមរក្សាកិត្តិនាមកម្ពុជា និងជួយឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ដែលទទួលបាន ពានរង្វាន់លំដាប់ពិភពលោកបន្តទៀត នៅក្នុងឆ្នាំបន្តបន្ទាប់។ ដូចនេះ កត្តាសន្តិសុខ និងសុវត្ថិភាពទេសចរណ៍ គឺជាកត្តាមិនអាចខ្វះបានដើម្បីជួយ ឱ្យកម្ពុជាជាគោលដៅទេសចរណ៍ល្បីល្បាញ និងមានភាពទាក់ទាក់”។

ទន្ទឹមនឹងនេះលោក ក៏បានស្នើឱ្យស្ថាបនពាក់ព័ន្ធទាំងអស់រួមគ្នា បន្តពង្រឹងសុវត្ថិភាពទេសចរណ៍នៅគ្រប់ទីកន្លែង ទាំងក្នុងសណ្ឋាគារ រមណីយដ្ឋាន និងកន្លែងកម្សាន្តទាំងអស់ ដើម្បីឱ្យភ្ញៀវទេសចរ ដែលបានមកកម្សាន្ត សប្បាយចិត្ត មកម្តងហើយចង់មកម្តងទៀត៕

To Top