DAP News

សេដ្ឋកិច្ច

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួន​ ចំពោះការជួយដល់ សហគមន៍មូលដ្ឋាន និង បរិស្ថានតាមរយៈការដាំដើមកោងកាងនៅខេត្តកែប  

ភ្នំពេញ៖​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ – ដើម្បីអបអរទិវាអនាម័យបរិស្ថានជាតិ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបង្ហាញសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្សបរិស្ថានកម្ពុជាតាមរយៈការដាំដើមកោងកាងចំនួន ៣ ០០០ ដើមនៅសហគមន៍នេសាទភូមិកែបក្នុងខេត្តកែប។ គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្ត។

ការដាំដើមកោងកាងគឺជាផ្នែកមួយនៃកម្មវិធីដែលកំពុងការពារ និងស្តារឡើងវិញនូវព្រៃកោងកាងដ៏សំខាន់ នៅតាមឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាដែលស្របតាមការប្តេជ្ញាចិត្តរយៈពេលវែងរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះយុទ្ធសាស្ត្រនិរន្តរភាព «រួមគ្នាដើម្បី កម្ពុជាកាន់ តែ ប្រសើរ» ដែលផ្តោតលើសសរស្តម្ភសំខាន់ៗបីរួមមាន បរិស្ថាន សង្គម និងការទទួលខុសត្រូវ។

គំនិតផ្តួចផ្តើមនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗដើម្បីអបអរខួបលើកទី ៣០ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្រោមប្រធានបទ «អរគុណសម្រាប់ ៣០ ឆ្នាំ»។ កម្មវិធីដាំដើមកោងកាងនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោក​ កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អភិបាលខេត្តកែប និងអមដោយថ្នាក់ដឹកនាំក្រសួងបរិស្ថាន គណៈអភិបាលខេត្ត មន្ទីរបរិស្ថានខេត្ត សហគមន៍នេសាទភូមិកែប និងសហការីរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

ថ្លែងក្នុងពិធីនេះលោក​ កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ ដល់ ២០២៨ ដើម្បីលើកកម្ពស់ ភាពស្អាត ភាពបៃតង និងចីរភាព ដោយការចូលរួមចំណែកនេះនឹងជួយរាជរដ្ឋាភិបាលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងដែលទ្រទ្រង់ដល់ប្រព័ន្ធអេកូឡូស៊ីដែលមានសារៈសំខាន់សម្រាប់ការអភិរក្សបរិស្ថានរបស់យើង»។ 

អភិបាលខេត្តកែបលោក​ បណ្ឌិត សោម ពិសិដ្ឋ បានលេីកឡេីងថា៖ «យើងពិតជាថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាដែលបានជ្រើសរើសខេត្តកែបសម្រាប់គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ។ នៅសហគមន៍នេសាទភូមិកែប យើងដឹងពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងការថែរក្សាសុខភាព សុខុមាលភាពសហគមន៍ និងបរិស្ថានរបស់យើង»។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការសាជីវកម្មនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានលេីកឡេីងថា៖ «អស់រយៈពេល ៣០ ឆ្នាំមកហើយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់កំណើន និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពរបស់ប្រទេសកម្ពុជាដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម «រួមគ្នាធ្វើឱ្យប្រទេសកម្ពុជាប្រសើរឡើង» របស់យើង។ ការចូលរួមចំណែករបស់យើងនៅថ្ងៃនេះ បង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់យើងចំពោះបរិស្ថាន និងសហគមន៍មូលដ្ឋានដូចជា សហគមន៍នេសាទភូមិកែបជាដើម។ នៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងយល់ថា យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកនៅជុំវិញយើងរីកចម្រើនជាមួយយើងដូចគ្នា។ ដូច្នេះហើយនេះជាមូលហេតុដែលយើងធ្វើកម្មវិធីនេះឡើងនៅថ្ងៃនេះ»។  

លោក រិន ធារ៉ា ប្រធានសហគមន៍នេសាទភូមិកែបលេីកឡេីងថា៖«ការការពារ និងស្ដារព្រៃកោងកាងផ្តល់នូវការការពារដ៏ល្អបំផុតមួយរបស់ធម្មជាតិប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយសាររុក្ខជាតិប្រភេទនេះរួមចំណែកក្នុងការស្រូបយកឧស្ម័នកាបូនិច និងកាត់បន្ថយការហូរច្រោះច្រាំងទន្លេដោយផ្តល់ការការពារដល់សហគមន៍តំបន់ឆ្នេរជួយទប់ស្កាត់នឹងទឹកជំនន់តាមឆ្នេរសមុទ្រ ខ្យល់បក់ខ្លាំង និងរលកសមុទ្រ»។

តំបន់ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរទៅដោយជីវចម្រុះ ដែលអ្នកស្រុកនៅតំបន់នោះជាច្រើនពឹងផ្អែកជីវចម្រុះទាំងនោះក្នុងការចិញ្ចឹមជីវិតរបស់ពួកគេដូចជា អាហារប្រចាំថ្ងៃសម្ភារៈសំណង់ និងតំបន់ទេសចរណ៍ធម្មជាតិ។ ព្រៃកោងកាងក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខុមាលភាពប្រព័ន្ធធារាសាស្រ្តរបស់យើង ដោយធានាឱ្យមានលំហូរទឹកស្អាត និងមានគុណភាព។ ការដាំដើមឈើកោងកាងនេះស្របនឹងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន ហ៊ិននីគែនចំពោះការការពារប្រភពទឹកស្អាត និងធម្មជាតិដោយប្រកបដោយសុខុមាលភាពល្អ។

គំនិតផ្តួចផ្តើមចុងក្រោយនេះ រួមចំណែកដល់គម្រោងដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំពុងតែដំណើរការជាមួយសហគមន៍ ដែលឥឡូវនេះក្រុមហ៊ុនបានដាំ និងបរិច្ចាគដើមឈើជាង ១ ០០០០ ដើមនៅទូទាំងខេត្តចំនួន ៥ និងផ្តល់អំពូលភ្លើងតាមដងផ្លូវដើរដោយថាមពលពន្លឺព្រះអាទិត្យជាង ៩៩០ ដល់សហគមន៍ចំនួន ៥ ដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍។

To Top