ភ្នំពេញ ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា រាប់ពាន់នាក់បាននាំគ្នា មកទទួលយកបទពិសោធន៍ អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy ” ដោយមានអ្នកចូលរួមពោរពេញ ទៅដោយក្តីរំភើប នៅពេលដែលអ្នកទស្សនា ចូលរួមអបអរក្ដីស្រឡាញ់រួមគ្នាគេ ចំពោះកីឡា និងមិត្តភាពរបស់ពួកគេ ។

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការដាក់បង្ហាញពាន់ បាល់ទាត់ពិភពលោក FIFA World Cup™ Trophy ដល់ពលរដ្ឋកម្ពុជានៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយមានការអញ្ជើញ ចូលរួមពិធិខាងលើ ពីសំណាក់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាដែលរៀបចំឡើង ដោយសហព័ន្ធបាល់ទាត់ពិភពលោក ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហព័ន្ធបាល់ទាត់កម្ពុជា និងក្រុមហ៊ុនកូកាកូឡា ។

អ្នកគាំទ្រកីឡាបាល់ទាត់ រាប់ពាន់នាក់បានឈរ តម្រង់ជួរនៅខាងក្រៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយរង់ចាំយ៉ាងអន្ទះសារ នូវឱកាសដ៏កម្របំផុត មួយក្នុងឆាកជីវិត ដើម្បីទស្សនា ពានបាល់ទាត់ ពិភពលោកដើម។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ ដំណើរទេសចរណ៍ពានបាល់ ទាត់ពិភពលោក FIFA World Cup™ Trophy នាំមកជូន ដោយក្រុមហ៊ុន កូកា-កូឡា ដោយនាំយកពាន ដើមមកបង្ហាញ ជូនទស្សនាដល់អ្នកសេ្នហា វិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទ ពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើង សម្រាប់អ្នកគាំទ្រកីឡា ។

លោក ខៃ ចន្ធូ ធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីរង់ចាំនៅខាងក្រៅកីឡដ្ឋាន បានថ្លែងថា ខ្ញុំមិនអាចទប់អារម្មណ៍រំភើប របស់ខ្ញុំនៅពេលនេះបានទេ។ ខ្ញុំមានមិត្ត២នាក់ ដែលពួកគេក៏បាន មកចូលរួមផងដែរ ។ ពួកយើងទាំងអស់គ្នា បានមើល កាប្រកួតបាល់ទាត់ជាមួយគ្នា តាំងពីយើងនៅក្មេងៗ នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុត មួយក្នុងឆាកជីវិត របស់យើង ។
ព្រឹត្តិការណ៍ដ៏ពិសេសនេះ បានចាប់ផ្តើមជាមួយ នឹងការសម្តែងស្វាគមន៍ ដ៏កក្រើកពីសំណាក់ អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរាបង្កើតបរិយាកាស បានជាសប្បាយរីករាយ ខណៈពានបាល់ទាត់ ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ។

យុវសិស្ស ឡុង ប៊ុនរឿន អាយុ ១៦ឆ្នាំ ជាប្រធានក្រុមបាល់ទាត់ នៅវិទ្យាល័យមួយ បាននិយាយថា ខ្ញុំបានឃើញពាននេះ ច្រើនដងរួចមកហើយ តាមទូរទស្សន៍ ។ វាពិតជាអស្ចារ្យណាស់ក្នុងការឃើញពានពិតនេះដោយភ្នែកផ្ទាល់របស់ខ្ញុំ វាជាបំណែកនៃប្រវត្តិសាស្ត្របាល់ទាត់ ខ្ញុំក៏មិនអាចរក ពាក្យមកពណ៌នា ពីអារម្មណ៍របស់ខ្ញុំឲ្យត្រូវទេ ។ វាបានជំរុញចំណង់ចំណូលចិត្ត ឲ្យកាន់តែស្រឡាញ់កីឡាបាល់ទាត់។ ដោយបានឃើញពានផ្ទាល់ភ្នែក អ្នកចូលរួម ដែលមានសំណាងទាំងអស់ ក៏មានឱកាសថតរូបផ្លូវការ ដោយឈរនៅក្បែរពាន ដើមផងដែរ ។

អ្នកគាំទ្រជាច្រើន បានចែករំលែកបទពិសោធ លើបណ្ដាញសង្គម ដើម្បីបង្ហាញ អារម្មណ៍រំភើប របស់ខ្លួនជាមួយអ្នកដទៃ ។
ព្រឹត្តិការណ៍នេះ បានបង្ហាញពីការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធ បាល់ទាត់ពិភពលោក (FIFA) ក្នុងការកំណត់ស្តង់ដារថ្មី សម្រាប់កម្ម វិធីកីឡា ដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រៅពីនាំយកពាន ជានិមិត្តរូបបាល់ទាត់ ដល់អ្នកគាំទ្រនៅកម្ពុជា ព្រឹត្តិការណ៍ ដំណើរទេសចរណ៍ ពានបាល់ទាត់ពិភលោកនេះ “FIFA World Cup™ Trophy Tour” ក៏បានផ្តល់ ទម្រង់ថ្មីៗ នៃសកម្មភាពអតិថិជន និងបង្កើតឱកាស ពិសេសសម្រាប់ ពលរដ្ឋក្នុងស្រុក ដើម្បីទទួលបានភាពរីករាយ ផ្សារភ្ជាប់ទំនាក់ទំនង និងអបអរសាទរការ ប្រកួតដ៏អស្ចារ្យជាមួយគ្នា៕






