កម្សាន្ត

ត្រីខ្យា មានរស់នៅ ក្នុងទន្លេសេកុង សេសាន និងស្រែពក

F996707F-5639-431F-B528-1717CD5783F8.jpg

រូបភាពត្រីខ្យា ថតនៅផ្សារត្រីខេត្តក្រចេះ។ រូបភាព៖ ថាច់ ផាណារ៉ា

ត្រីខ្យា គឺជាប្រភេទត្រីទឹកសាប មួយប្រភេទ ដែលមានរូបរាងស្រដៀងនឹងត្រីឆ្លាំងដែរ ខុសតែទំហំ និងសម្បុរប៉ុណ្ណោះ។ ទោះយ៉ាងណា ត្រីខ្យា មានល័ក្ខខ័ណ្ឌទីជម្រក ខុសពីត្រីឆ្លាំង ដែលតម្រូវឱ្យវា រស់នៅតាមទន្លេធំ មានទឹកជ្រៅ និងផ្ទាំងថ្មធំៗ។

ត្រីខ្យា ស្ថិតនៅក្នុងអម្បូរ Bagridae ដែលមានបួនពួកគឺ Pseudonmystus, Bagrichthys, Mystus និង Hemibagrus។ វាមានឈ្មោះវិទ្យាសាស្ត្រ (Hemibagrus wyckioides) និងឈ្មោះជាភាសាអង់គ្លេស Asian Red Tailed Catfish ឬ Red fin bagrus មានប្រវែងដងខ្លួនអតិបរមា ១៣០ស.ម និងទម្ងន់អតិបរិមា ៨៦គីឡូក្រាម។

នៅក្នុងប្រទេសកម្ពុជា ត្រីខ្យា ត្រូវបានគេដឹងថា មានរស់នៅច្រើនក្នុងទន្លេសេកុង សេសាន និងស្រែពក។ ទន្លេទាំងបីនេះ សុទ្ធតែមានទីជម្រកស្របទៅនឹងល័ក្ខខ័ណ្ឌ ជីវិតរស់នៅរបស់វា ដូចជា មានថ្មប៉ប្រះទឹក ផ្ទាំងថ្មធំៗ និងទឹកជួរ។ ត្រីខ្យា មិនធ្វើចរាចរផ្លាស់ទីទេ។ ពួកវាបន្តពូជនៅនឹងកន្លែង រួចបណ្តែតខ្លួនតាមទឹកជំនន់ ចូលទៅក្នុងតំបន់ព្រៃលិចទឹក ក្នុងអំឡុងខែកក្កដា ដល់ខែតុលាដើម្បីរកចំណី និងរស់នៅទីនោះមួយរយៈខ្លី។ រដូវប្រាំងចូលមកដល់ ពួកវាក៏វិលមកលាក់ខ្លួននៅតាមអន្លង់ក្នុងទន្លេធំៗ វិញ។ វាស៊ីកំពឹស ត្រីតូចៗ និងសត្វល្អិតជាអាហារ។

បច្ចុប្បន្ននេះ ត្រីខ្យា ហាក់សូវទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយទេ។ ប៉ុន្តែ ទៅថ្ងៃអនាគត បើកម្រិតនៃការនេសាទហួសហេតុ ការប្រើប្រាស់ឧបករណ៍នេសាទដែលមានភ្ជាប់ចរន្តអគ្គិសនី ដែលគេនិយមហៅថា «ឆក់ក្តៅ-ត្រជាក់» វាជាឧបករណ៍នេសាទខុសច្បាប់ ដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិទូទៅ បូករួមទាំងមានការប្រែប្រួលអាកាសធាតុ ការបាត់បង់ទីជម្រកនោះបញ្ហាប្រឈមដល់កំណើតរបស់ពួកវានឹងកើតមានឡើង។ សូមចូលរួម ទាំងថែរក្សាទីជម្រក និងការពារមច្ឆជាតិទាំងអស់គ្នាដើម្បីទាំងអស់គ្នា៕

ដោយ៖ ឈុត ឈាណា

To Top