កម្សាន្ត

អាកាសយានដ្ឋានសៀមរាបអង្គរថ្មី អាចទទួលយន្ត ហោះ Airbus 350 និងBoeing787 ឆ្លងទ្វីប

ភ្នំពេញ ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៉ីវិល បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងឡើងដល់កម្រិត4F ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ។

ការលើកឡើរបស់លោករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញ ស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ (SAI) កាលពីថ្ងៃ១៦ តុលា។

លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)នេះ មានសមត្ថភាព ទទួលអាកាសយានចំនួន៣៨ ចំណត, ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ ក្នុងឆ្នាំ២០២៤ និង ១២លាននាក់ ក្នុងឆ្នាំ២០៤០ ខាងមុខ, អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦,០០០តោន ក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០៤០ តាមការព្យាការណ៍ទុក។

សម្រាប់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីឲ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ ៕

To Top