ភ្នំពេញ ៖ លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុនដ៏ធំរបស់កូរ៉េខាងត្បូង ឈ្មោះថា wannabe group (វ៉ាន់ណាប៊ីគ្រុប) ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានដឹងនាំក្រុមការងារធ្វើដំណើរមកដល់កម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគ និងចុះអនុស្សាណៈយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងដៃគូអាជីវកម្មនៅកម្ពុជា។
ខណៈចុះពីយន្ដហោះនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោក Jeon Young-cheol បញ្ជាក់ថា ការធ្វើដំណើររបស់លោក និងក្រុមការងារមកកាន់កម្ពុជាក្នុងរយៈពេលបីថ្ងៃ ក្នុងគោលបំណងសំខាន់ៗចំនួនបី គឺ៖ ទី១. ការរៀបចំការប្រគុំតន្រ្ដី KPOP ទី២.ការរៀបចំសាលាបច្ចេកវិទ្យាMetaverse និងទី៣. ការរៀបចំគម្រោងគាំទ្របច្ចេកវិទ្យាStem Cell នៅកម្ពុជា។
លោកបន្ថែមថា ពិភពលោកបច្ចុប្បន្នបានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាលនៃបច្ចេកវិទ្យាឌីជីថល ហើយបច្ចុប្បសម្រាប់កូរ៉េ ជាពិសេសគឺក្រុមហ៊ុន Wannabe group របស់លោក កំពុងធ្វើការយ៉ាងសកម្មជាមួយនឹងបច្ចេកវិទ្យាMetaverse ខណៈកូរ៉េ កំពុងតែស្ថិតក្នុងដំណើរការយ៉ាងពេញច្រើនរហូតដល់ខ្ទង់ម៉ឺនទីតាំងក្នុងស្រុក។ ដោយឡែក លោកមើលឃើញថា សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងរៀបចំខ្លួនដើម្បីឈានចាប់យកបច្ចេកវិទ្យាទំនើបៗ គឺទាមទារជាចាំបាច់នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូលក្នុងសង្គមបច្ចេកវិទ្យាបានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងមហិមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
លោកឲ្យដឹងថា Metaverse សំដៅលើពិភពលោកដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាការពិភពនិម្មិត ដើម្បីឲ្យស្រដៀងទៅនឹងពិភពពិតដែលរស់នៅ។ នៅក្នុងពិភពនិម្មិតនេះ មិនត្រឹមតែមានអន្តរកម្មជាមួយមនុស្សផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រើប្រាស់ដោយប្រើរូបតំណាងផងដែរ ដែលអាចជួយក្រុមហ៊ុនជុំវិញពិភពលោករីកចម្រើននាពេលអនាគត។ វាគឺជាវិស័យឧស្សាហកម្មដ៏ជោគជ័យមួយ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មមួយ និងជាការវិនិយោគដែលកំពុងទទួលការចាប់អារម្មណ៍ខ្ពស់។
សូមបញ្ជាក់ថា WANNABE GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ក្នុងគោលដៅជំរុញ «ប្រព័ន្ធសុខុមាលភាពដែលទ្រទ្រង់ដោយខ្លួនឯង» (self-sustaining welfare system។ WANNABE GROUP មានទស្សនវិស័យជួយមនុស្សដែលមានជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាខ្សោយក្នុងការសម្របខ្លួនឱ្យទាន់ពេលវេលា និងអាចឈរជើងបានដោយរឹងមាំក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕