កម្សាន្ត

ស្ថានភាពជំងឺព្រឹទ្ធាចារ្យ គង់ ណៃ ធូរស្បើយបន្តិចហើយ

ភ្នំពេញ ៖វីរៈសិល្បករជើងចាស់ ផ្នែកចម្រៀងបុរាណចាប៉ីដងវែង ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កាលពីប៉ុន្មានថ្ងៃមុនបានធ្លាក់ខ្លួនឈឺ ដោយសារការហូបចំណីអាហារខុស ប៉ុន្តែបើតាមប្រធានសមាគមសិល្បករខ្មែរលោកស្រី ចន ច័ន្ទលក្ខណា គឺមកដល់ថ្ងៃ៦ វិច្ឆិកា ស្ថានភាពជំងឺរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានធូរស្បើយបន្តិចវិញហើយ ។

ក្រោយទទួលដំណឹងពីលោកតា គង់ ណៃមានអាការៈមិនស្រួលខ្លួន លោកស្រី ចន ច័ន្ទលក្ខណា ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ បានចុះទៅសួរសុខទុក្ខដោយផ្ទាល់នៅគេហដ្ឋានរបស់លោកតាតែម្តង ស្ថិតនៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃ៦ វិច្ឆិកា ដោយបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនក្រុមគ្រួសារលោកតាផងដែរ ។

លោកស្រីប្រធានសមាគមបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ វិច្ឆិកាថា ស្របពេលព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងមានប្រចាំកាយដូចជា ជំងឺសួត និងជំងឺទឹកនោមផ្អែមផងនោះ ងាយនឹងទទួលរងធ្វើទុក្ខក្នុងខ្លួន ប្រសិនបើហូបចំណីអាហារណាមិនគោរពតាមការណែនាំរបស់គ្រូពេទ្យ ។

លោកស្រីបានរៀបរាប់ពីអាការៈជំងឺរបស់លោកតា គង់ ណៃថា ប៉ុន្មានថ្ងៃមុនគាត់ (លោកតា គង់ ណៃ) ក្តៅខ្លួនខ្លាំងរហូតដល់ញាក់ និងមានការរាគរូសផងដែរ ដោយអាចបណ្តាលមកពីការហូបអាហារខុសពីព្រោះមុនពេលគាត់ឈឺនេះ គាត់ពិសារនំបញ្ចុក និងភេសជ្ជៈផ្អែមៗធ្វើឲ្យឡើងជាតិស្ករ ។

លោកស្រី ចន ច័ន្ទលក្ខណា បញ្ជាក់ថា “ប៉ុន្តែខ្ញុំបានទៅមើលគាត់ ពីម្សិលមិញ(៦វិច្ឆិកា) គាត់បានស្រួលខ្លួនបន្តិចហើយ” ។

ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅខេត្តកំពតគឺជាតន្ត្រីករខ្មែរ ម្នាក់ ដែលលេងភ្លេងបុរាណគឺចាប៉ីដងវែង ។ លោកគឺជាអ្នកសិល្បៈករដ៏អស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរមួយចំនួនដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហម ហើយត្រូវបានគេស្គាល់ថា “ជា រ៉ាយ ឆាលស៍នៃកម្ពុជា”។ លោកតាក៏បានទទួលរង្វាន់សិល្បៈ និងវប្បធម៌ហ្វូគូអូកាឆ្នាំ២០១៧ ផងដែរ ៕

To Top