សត្វនាគបានដើរតួនាទី យ៉ាងសំខាន់ នៅក្នុងវប្បធម៌ និងអរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា «វប្បធម៌សត្វនាគ» ដែលមានលក្ខណៈ ពិសេសរបស់ចិនទៀតផង ។
ដោយសារវប្បធម៌សត្វនាគ បានជ្រាបចូលជីវភាពរស់នៅ របស់ប្រជាជនចិន អស់រយៈពេលរាប់ពាន់ឆ្នាំ មកហើយ អាស្រ័យហេតុនេះ មកទល់បច្ចុប្បន្នជនជាតិចិន នៅតែហៅខ្លួនឯងថាជា«ទាយាទសត្វនាគ» ។
កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ព័ន្ធជនជាតិហួរសៀ ( ជនជាតិចិនបច្ចុប្បន្ន ) ដែលរស់នៅតាមបណ្តោយទន្លេលឿងបានគោរពបូជាសត្វពស់ជាតូតឹម ( totem ) របស់ខ្លួន ។ ក្រោយមកកុលសម្ព័ន្ធជនជាតិហួរសៀ បានបង្រួបបង្រួមកុលសម្ព័ន្ធដទៃទៀត ហើយក៏ស្រូបយកតូតឹម របស់កុលសម្ព័ន្ធដទៃ បង្កើតបានជារូបសញ្ញាសត្វនាគ ដែលមានខ្លួនពស់ ក្បាលជ្រូក ស្នែងប្រើស ត្រចៀកគោ ពុកមាត់ពពែ ក្រញ៉ាំឥន្ទ្រី និងស្រកាត្រី ដូចជារូបសត្វនាគ ដែលយើងបានឃើញបច្ចុប្បន្ន ។
តាំងពីដើមមក នាគចិនបានតំណាងឱ្យសិរីសួស្តី , អំណាច , សេចក្តីថ្លៃថ្នូរ , សំណាងល្អ , បញ្ញា , ថាមពលនិងភាពអង់អាចក្លាហាន ។ល។
ក្នុងសម័យបុរាណចិន សត្វនាគជាសញ្ញាសម្គាល់នៃព្រះរាជវង្សានុវង្ស ដែលបង្ហាញពីឫទ្ធានុភាព និងកិត្យានុភាពស្តេចផែនដី ហើយព្រះចៅផែនដី តែងហៅខ្លួនឯងថាជា«នាគរាជចុះពីឋានសួគ៌» អាស្រ័យហេតុនេះ មានតែស្តេចផែនដី និងព្រះរាជវង្សានុវង្សប៉ុណ្ណោះ ដែលអាចប្រើរូបសញ្ញាសត្វនាគ ដូចជាការប៉ាក់រូបនាគ នៅលើព្រះពស្ត្រា ការដាក់បញ្ជូលធាតុនាគទៅក្នុងរចនាបថសំណង់ របស់របរប្រើប្រាស់នៅក្នុងព្រះរាជដំណាក់ និងផ្សេងៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងរាជបល្ល័ង្ក ដែលជាការស្តែងពីឫទ្ធានុភាព របស់អ្នកគ្រប់គ្រងផែនដី ។
ក្នុងសម័យបច្ចុប្បន្ន រូបសត្វនាគ ត្រូវបានប្រជាជនចិនប្រើប្រាស់ជាទូទៅ ពោលគឺលែងជា«កម្មសិទ្ធិផ្តាច់មុខ»របស់នរណាទៀតឡើយ ។ ប្រជាជនចិនជឿជាក់ថា សត្វនាគអាចនាំមក នូវសិរីមង្គលនិងសំណាងល្អ ដូចនេះ ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងពិធីសំខាន់ៗគេ តែងឃើញមានវត្តមាននៃរូបសត្វនាគ នៅលើសម្ភារៈផ្សេងៗ ។
ក្នុងពិធីអាពាហ៍ពិពាហ៍ រូបនាគនិងហង្សជា របស់មិនអាចខ្វះបាន ព្រោះសត្វនាគតំណាងឱ្យកូនប្រុស ឯសត្វហង្សតំណាងឱ្យកូនស្រី ដែលនាំមកនូវសិរីសួស្តីជូនដល់គូស្វាមីភរិយាថ្មី ហើយនេះក៏ជាការរំលេចពីវប្បធម៌ចិនដែលជនជាតិចិនតែងហៅខ្លួនឯងថាជា«ទាយាទសត្វនាគ»ផងដែរ ។
ក្នុងអក្សរសិល្ប៍ចិន ពាក្យ«នាគ»ត្រូវបានប្រើប្រាស់គួបផ្សំជាមួយនឹងពាក្យជាច្រើនបង្កើតជាកន្សោមពាក្យ ដែលប្រៀបធៀបអំពីរឿងរ៉ាវផ្សេងៗ ពិសេសតំណាងឱ្យភាពខ្លាំងក្លា , រឹងមាំ , ឫទ្ធានុភាព និងស្មារតីអង់អាច ក្លាហានជាដើម ដែលជាធាតុផ្សំដ៏សំខាន់ នៃអក្សរសិស្ប៍ ដែលត្រូវបានប្រជាជនចិន និងអ្នករៀនសូត្រអក្សរចិនប្រើប្រាស់យ៉ាងទូលំទូលាយ ។
គិតតាមប្រតិទិនចន្ទគតិចិន បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះត្រូវជាឆ្នាំរោង ដូចនេះ ប្រជាជនចិនដែលមានវប្បធម៌សត្វនាគ ដ៏សម្បូរបែបនិងមានមនោសញ្ចេតនា ដ៏ពិសេសចំពោះសត្វនាគជឿជាក់ថា ក្នុងឆ្នាំថ្មីនេះ ប្រទេសជាតិនឹងរឹតតែរុងរឿងថ្កុំថ្កើង មានសុខសន្តិភាព ប្រជាជនរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ដោយភាពក្សេមក្សាន្ត ។
អ្វីដែលគួរបញ្ជាក់ផងដែរគឺថា នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី ៧៨ បានសម្រេចចិត្តជាឯកច្ឆន្ទ ដោយកំណត់យកថ្ងៃបុណ្យ និទាឃរដូវ (បុណ្យចូលឆ្នាំចិន) ជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ ។ តំណាងប្រទេសចិនបានថ្លែងថា «ក្នុងនាមជាថ្ងៃបុណ្យប្រពៃណីសំខាន់បំផុតរបស់ចិន បុណ្យចូលឆ្នាំចិនមិនត្រឹមតែ ជាឱកាសសម្រាប់ការជួបជុំគ្រួសារ និងទទួលឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាជាការបន្តវេននូវទស្សនៈសន្តិភាព ភាពសុខដុមរមនា និងភាពចុះចម្រុងគ្នាជាដើម ដែលជាអរិយធម៌ចិន ហើយវាក៏ជាគុណតម្លៃរួម របស់មនុស្សជាតិទាំងមូល ដែលបង្ហាញពីសុខដុមនីយកម្មនៃក្រុមគ្រួសារ , សង្គមដែលប្រកបដោយបរិយាបន្ន និងការរស់នៅដោយចុះចម្រុងគ្នា រវាងមនុស្សជាតិនិងធម្មជាតិ ។ ប្រទេសជាច្រើនបានកំណត់យកថ្ងៃបុណ្យចូលឆ្នាំចិន ជាថ្ងៃឈប់សម្រាកតាមច្បាប់ ហើយបច្ចុប្បន្នមានប្រជាជន ប្រមាណមួយភាគប្រាំនៅលើពិភពលោក បានអបអរថ្ងៃបុណ្យចូលឆ្នាំចិនតាមទម្រង់ខុសៗគ្នា ។»
ជាការពិតណាស់ ការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌ ជាមធ្យោបាយដ៏សំខាន់មួយសម្រាប់ការយល់ដឹង អំពីប្រពៃណីនិងទំនៀមទម្លាប់នៃប្រទេសមួយ ហើយក៏ជាវិធីសាស្ត្រដ៏ល្អ សម្រាប់ការ ប្រាស្រ័យទាក់ទងនៃជាតិសាសន៍ទីទៃគ្នាផងដែរ ។ ការរៀនសូត្រនិងទទួលយកវប្បធម៌ និងអរិយធម៌ល្អៗទៅវិញទៅមក ពិសេសបុណ្យ ចូលឆ្នាំថ្មីដែលជានិមិត្តរូបនៃវប្បធម៌ នៃជាតិសាសន៍នីមួយៗ នឹងអាចធ្វើឱ្យវប្បធម៌និងអរិយធម៌ទីទៃគ្នា មានភាពបរិយាបន្នទៅវិញទៅមក និងឈានដល់ភាពសុខដុមនីយកម្ម នៃអរិយធម៌សកល ដែលជាបំណងប្រាថ្នារួមរបស់មនុស្សជាតិយើង ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន