event

មេចុងភៅខ្មែរដ៏ល្បីល្បាញម្នាក់ ចែករំលែកបទពិសោធន៍ធ្វើម្ហូបនៅតាមភោជនីយដ្ឋាន ឯកទេសខាងម្ហូបវិចិត្រនៅទូទាំងសកលលោក

ភ្នំពេញ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ – មេចុងភៅខ្មែរ អ៊ុន នួន ម៉ារីយ៉ា ដែលជាមេចុងភៅនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសពីសំណាក់ចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញដែលកំពុងបំពេញការងារនៅតាមភោជនីយដ្ឋានអន្តរជាតិលំដាប់មីឆេលីនដ៏ល្បីល្បាញនៅកណ្តាលទ្វីបអឺរ៉ុប និងនៅទីកន្លែងផ្សេងៗទៀត។

ហើយមិនមែនត្រឹមតែចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញនោះទេ ដែលទទួលស្គាល់ស្នាដៃរបស់ម៉ារីយ៉ា។ នាងកំពុងទទួលបានការទទួលស្គាល់ និងការគាំទ្រពីអ្នកនិយមទទួលទានម្ហូបវិចិត្រខ្មែរជាច្រើន។ ម្ហូបវិចិត្រខ្មែរ ជាម្ហូបមួយប្រភេទដែលរហូតដល់មុនពេលថ្មីៗនេះ មិនទាន់ត្រូវបានគេទទួលទាន និងឱ្យតម្លៃទូលំទូលាយជាសកលនៅឡើយទេ។

ជាមួយនឹងការតាំងចិត្ត និងទេពកោសល្យរបស់ម៉ារីយ៉ា កេរ្តិ៍ឈ្មោះមុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិ នឹងត្រូវបានផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង។ ម៉ារីយ៉ា បាននិយាយដោយមានហេតុផលថា៖ “ម្ហូបខ្មែរយើងគឺឆ្ងាញ់ទាំងអស់។ ហើយឥឡូវនេះ ម្ហូបខ្មែរត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកកោតសរសើរ រួមទាំងមនុស្សដែលធ្លាប់ទទួលទានអាហារនៅភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រ ដែលមានចុងភៅដ៏ល្បីល្បាញជាអ្នកចម្អិនម្អូប។”

ម៉ារីយ៉ាខ្លួនឯងក៏បានដឹង។ នាងបានបង្ហាញជំនាញធ្វើម្ហូបរបស់ខ្លួននៅភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រដ៏ល្បីល្បាញជាច្រើននៅទ្វីបអឺរ៉ុប និងអាស៊ី។ តាមរយៈការធ្វើដូច្នេះ នាងបានជួយលើកកំពស់អត្តសញ្ញាណមុខម្ហូបរបស់ប្រទេសកម្ពុជា និងផ្ដល់កន្លែងដ៏សក្តិសមមួយសម្រាប់ម្ហូបខ្មែរលើឆាកអន្តរជាតិ។

ម៉ារីយ៉ា បានពន្យល់ថា៖ “រហូតដល់ ១០ ឆ្នាំហើយ បងតែងតែប្រើនាមជាមេចុងភៅជនជាតិខ្មែរយើងផ្ទាល់តែម្ដង បង្ហាញនូវម្ហូបខ្មែរ បង្ហាញថា product នេះជារបស់ខ្មែរ ហើយម្ហូបនេះគឺជារបស់ខ្មែរ។ សំឡេងរបស់បងគឺបានគេទទួលស្គាល់ថាម្ហូបខ្មែរយើង ពិតជាមាននៅលើលោកហ្នឹងមែន ហើយពិសេសគឺម្ហូប fine dining ផ្ទាល់តែម្ដង កុំឱ្យតែប្រទេសក្រៅផ្សេងៗគេគិតថា ម្ហូបខ្មែរយើង មានតែមាន់ដុត មានតែត្រីបំពង ជាម្ហូបខ្មែរពិតប្រាកដ។ សារមួយនេះកំពុងតែត្រូវបានគេផ្សព្វផ្សាយ ហើយពួកយើងក៏មានអារម្មណ៍ថាថ្ងៃណាមួយម្ហូបខ្មែរនឹងទទួលស្គាល់នៅក្រៅប្រទេស។”

នាពេលបច្ចុប្បន្ននេះ ម៉ារីយ៉ា ចំណាយពេលបង្ហាញជំនាញធ្វើម្ហូបរបស់នាងនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រជាច្រើននៅលើឆាកអន្តរជាតិ។ នេះគឺជាអ្វីដែលម៉ារីយ៉ាមិនធ្លាប់បានធ្វើនាពេលមុនៗនោះទេ។ នៅអាយុ១២ឆ្នាំ ម៉ារីយ៉ា បានចាកចេញពីផ្ទះដើម្បីស្វែងរកការងារដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងក្រុមគ្រួសារ។ គឺនៅពេលនោះហើយដែលនាងបានជួបស្រ្ដីម្នាក់ដែលធ្លាប់ធ្វើម្ហូបឱ្យខ្សែរាជវង្សខ្មែរ ដែលគាត់បានបង្ហាត់បង្ហាញនាងអំពីការធ្វើម្ហូប។ បទពិសោធន៍នេះបានជំរុញឱ្យនាងស្រលាញ់ការធ្វើម្ហូប និងស្គាល់ពីសិល្បៈនៃការធ្វើម្ហូបវិចិត្រខ្មែរ។

នៅអាយុ ១៦ ឆ្នាំ ម៉ារីយ៉ាបានត្រលប់ទៅរួមរស់ជាមួយគ្រួសាររបស់នាងវិញ។ ដោយមានប្រាក់កាក់តិចតួច និងមិនមានសមត្ថភាពចំណាយលើការសិក្សាដែលអាចជួយនាងរកការងារនោះ ម៉ារីយ៉ាមានការតាំងចិត្តខ្ពស់ក្នុងការធ្វើការងារគ្រប់បែបយ៉ាងដើម្បីផ្គត់ផ្គង់ជីវភាពម្តាយ និងបងប្អូនរបស់នាង។ គឺនៅពេលនោះហើយដែល Dr. h.c. Hannes Schmid ដែលជាសហស្ថាបនិក Smiling Gecko បានផ្តល់ជំនួយ និងការគាំទ្រដល់នាង។

ម៉ារីយ៉ាបានបន្ដថា៖ “Dr. Hannes គឺជាអ្នកដែលបានណែនាំខ្ញុំទៅកាន់ផ្ទះបាយហ្វាមហៅស៍របស់ Smiling Gecko និងចាប់ផ្តើមបង្ហាត់បង្ហាញខ្ញុំអំពីការធ្វើម្ហូប។ គាត់ថាខ្ញុំមានទេពកោសល្យ។ ពេលនោះ គឺនៅឆ្នាំ ២០១៤។ មិត្តភ័ក្តិម្នាក់របស់ Dr. Hannes មកពីវិទ្យាស្ថានបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចក្នុងប្រទេសស្វីសបានប្រាប់លោក Hannes ថាខ្ញុំពិតជាមានទេពកោសល្យ។ Dr. Hannes បានឱ្យខ្ញុំទៅធ្វើលិខិតឆ្លងដែនហើយបានបញ្ជូនខ្ញុំទៅប្រទេសស្វីសដើម្បីចុះឈ្មោះរៀននៅសាលាបដិសណ្ឋារកិច្ចអន្តរជាតិ។ ក្រោយបានរៀនចប់ ខ្ញុំបានចាប់ផ្តើមធ្វើការជាមួយចុងភៅដ៏ល្បីល្បាញជាច្រើននៅទ្វីបអឺរ៉ុប។”

ចុងភៅដ៏ល្បីល្បាញដែលម៉ារីយ៉ាធ្លាប់ធ្វើម្ហូបជាមួយរួមមាន៖
● Andreas Caminada, Schloss Schauenstein, – 3 Stars (Guide Michelin), Castle Restaurant Hotel, Schlossgass 77, Fürstenau, Switzerland – 19 Points (Gault-Millau)

● Armin Egli, មេចុងភៅ « Centre for Global Dialogue» Swiss Re, អតីត The Restaurant នៅ the Chedi Andermatt, Andermatt, Switzerland 14 Points (Gault Millau)
● Martin Göschel, Restaurant Martin Göschel, The Alpina Gstaad, Gstaad, Switzerland – 1 Star (Guide Michelin), 18 Points (Gault-Millau)

● Franz W. Faeh, Le Grill, Gstaad Palace, Gstaad, Switzerland – 16 Points (Gault-Millau)
● Tino Roberto Staub, មេចុងភៅប្រចាំតំបន់ The Living Circle, Switzerland, អតីត Widder Restaurant, Hotel Widder, Zurich, Switzerland, 15 Points (Gault Millau)
● Tanja Grandits, Stucki, Basel, Switzerland – 2 Stars (Guide Michelin), 19 Points (Gault-Millau)

ម៉ារីយ៉ា ទទួលបានការគោរព និងការកោតសរសើរពីចុងភៅដ៏ល្បីល្បាញទាំងនេះ ដោយសារតែជំនាញធ្វើម្ហូបដ៏ល្អប្លែក និងការច្នៃប្រឌិតរបស់នាង។ ចុងភៅខ្លះថែមទាំងបានបញ្ចូលធាតុខ្លះនៃម្ហូបរបស់នាងទៅក្នុងម្ហូបរបស់ខ្លួនទៀតផង។

ម៉ារីយ៉ា បានបន្តថា៖ “ខ្ញុំធ្លាប់ធ្វើម្ហូបដូចជា អាម៉ុកត្រី ឆាបង្គារម្រេចកំពត និងម្ហូបខ្មែរជាច្រើនទៀត។ ម្ហូបខ្មែរខ្លះដែលខ្ញុំបានបង្កើត ត្រូវបានគេដាក់បញ្ចូលទៅក្នុងម៉ឺនុយសណ្ឋាគារល្បីៗនៅទ្វីបអឺរ៉ុប។ នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពខ្លាំងណាស់។”

ទោះយ៉ាងណាក៏ដោយ ដំណើររឿងរបស់ម៉ារីយ៉ា មិនមែនត្រឹមតែជាដំណើររឿងជោគជ័យផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ។ វាក៏បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយមួយថា អត្តសញ្ញាណមុខម្ហូបរបស់ប្រទេសកម្ពុជាគឺត្រូវបានអបអរសាទរ ផ្ដល់ការគាំទ្រ និងផ្សព្វផ្សាយនៅជុំវិញពិភពលោក។ សម្រាប់រាល់មុខម្ហូបដែលនាងបង្កើត ម៉ារីយ៉ាបានជួយលើកតម្កើងកេរ្តិ៍មរតករបស់ប្រទេសកម្ពុជា និងធ្វើឱ្យម្ហូបខ្មែរត្រូវបានគេស្គាល់កាន់តែច្រើន។ ម៉ារីយ៉ា ចង់ឱ្យប្រជាជនខ្មែរផ្សេងៗទៀតដើរតាមផ្លូវនេះដែលនាងបានត្រួសត្រាយ។

ម៉ារីយ៉ា បានបន្ថែមថា៖ “ក៏សរសើរខ្លួនឯងជាមេចុងភៅដែលអាចជ្រើសរើស talent ដែលយើងមាន talent មួយហើយអាចជ្រើសរើស talent ដែលឱ្យពួកគាត់នៅជុំវិញក្បែរខ្លួនយើង បង្ហាញនូវសមត្ថភាពថា ជនជាតិខ្មែរយើងមិនមែនអត់អ្នក talent ទេអូន មិនមែនអត់អ្នកមានបទពិសោធន៍ឬក៏គេហៅថាមានទេពកោសល្យទេ។

ខ្ញុំជា Cambodian chef ខ្ញុំនឹងបង្កើតជាមួយនឹងប្អូនៗដែលគាត់មានទេពកោសល្យក្នុងការធ្វើម្ហូប ក្លាយទៅជាបុគ្គលម្នាក់ដែលអាចឈានទៅដល់ទៅក្រៅប្រទេស។”
ជាមួយនឹងការលះបង់ ការតាំងចិត្ត និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ម៉ារីយ៉ា និងការគាំទ្រពីហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko មេចុងភៅខ្មែរកាន់តែច្រើនរូបអាចនឹងក្លាយជាមេចុងភៅដែលធ្វើម្ហូបនៅតាមភោជនីយដ្ឋានអន្តរជាតិលំដាប់មីឆេលីននៅជុំវិញពិភពលោក។ហើយប្រហែលជាថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ ម៉ារីយ៉ាខ្លួនឯងក៏នឹងក្លាយជាចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញមួយរូប។

ប្រសិនបើលោកអ្នកចង់ឮម៉ារីយ៉ានិយាយរៀបរាប់អំពីដំណើររឿងរបស់នាង សូមចូលទៅកាន់៖ https://www.facebook.com/reel/2281038392340786

អំពី SMILING GECKO និងហ្វាមហៅស៍រីស្សត & ស្ប៉ា
អង្គការសប្បុរសធម៌ Smiling Gecko ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០១២ ដោយ លោកវេជ្ជបណ្ឌិត h.c. Hannes Schmid ដែលមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យប្រជា ជននូវអនាគតដ៏ល្អប្រសើរឡើង។

កាលពីខែមិថុនា ឆ្នាំ២០១៣ លោកវេជ្ជបណ្ឌិត Hannes បានជួបនឹងអតីតអ្នកជំនាញផ្នែកច្បាប់ លោក ងន់ សុខលាភ ហើយលោកទាំងពីរធ្វើការរួមគ្នា ដើម្បីចង់បង្ហាញប្រជាជនកម្ពុជា ថាពួកគេអាចស្វែងរកផ្លូវចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាពនិងផ្តោតលើខ្លួនឯង និងសមត្ថភាពក្នុងការ រៀនសូត្រ និងការងាររបស់ពួកគេ។ ដូច្នេះហើយលោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ បានបង្កើតអង្គការ Smiling Gecko Cambodia (បានចុះបញ្ជីជាផ្លូវការក្នុងខែមេសា ឆ្នាំ២០១៤)។

ក្នុងនាមជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត Hannes និងលោកសុខលាភបានទិញដីប្រាំបួនហិកតាដំបូងនៅក្នុងសង្កាត់សាមគ្គីមានជ័យ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។ ពួកគេបានចាប់ផ្តើមដាំដុះវាភ្លាមៗ ដោយតាំងលំនៅជាក្រុមគ្រួសារពីតំបន់អនាធិបតេយ្យក្នុងរាជធានីនៅទីនោះ។ លោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ ចង់ប្រែក្លាយគ្រួសារដែលជួបការលំបាកទៅជាកសិករ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អង្គការ Smiling Gecko Cambodia បានសាងសង់ផ្ទះចំការចំនួន ១២ ខ្នង ដែលផ្ទះនីមួយៗមានទំហំដីស្រែប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាផ្ទះសម្រាប់ប្រជាជនចំនួន ៨០ នាក់។

សព្វថ្ងៃនេះ ដីឡូតិ៍នោះមានបុគ្គលិកប្រហែល ៤០០ នាក់ដែលទីនោះមានសាលារៀនភាសា ហ្វាមហៅស៍រីស្សត & ស្ប៉ា កសិដ្ឋាននិងការចិញ្ចឹមសត្វ បរិក្ខារពេទ្យ និងធ្មេញ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ និង “ហ្គុង” ដែលជាមជ្ឈមណ្ឌលវប្បធម៌ដែលមានស្ទូឌីយោថតសំឡេងទំនើប និងសាលប្រជុំ ផងដែរ។

បេសកកម្មរបស់ Smiling Gecko Cambodia គឺធ្វើឱ្យហ្វាមហៅស៍រីស្សត & ស្ប៉ា ទ្រទ្រង់និងដំណើរការដោយ ពឹងលើចំណូលខ្លួនឯងដើម្បីបង្ហាញប្រជាជនកម្ពុជាជាច្រើន ទៀតថា ពួកគេពិតជាអាចជួយខ្លួនឯងបាន៕

To Top