event

ដំណាប់ស្វាយស្ងួតកម្ពុជាមានវត្តមានលើទីផ្សារអូស្ត្រាលី

ស្ថានទូតអូស្ត្រាលី និងក្រុមហ៊ុន គីរីរម្យ ហ្វ៊ូដ ប្រដាក់សិន (ខេ.អេហ្វ.ភី) បានសម្រេចនូវជោគជ័យនៃភាពជាដៃគូពាណិជ្ជកម្មថ្មីមួយ ជាមួយនឹងការនាំចេញដំណាប់ស្វាយស្ងួតកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលី។

នេះ គឺជាការនាំចេញលើកដំបូងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង (២០២៤-២០៣០) រវាងក្រុមហ៊ុន ខេ.អេហ្វ.ភី និងតំណាងចែកចាយលក់ដុំដ៏ធំមួយដែលមានទីតាំងនៅក្នុងប្រទេសអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះជួយត្រួសត្រាយផ្លូវសម្រាប់ការផ្គត់ផ្គង់ស្វាយស្ងួតកម្ពុជា ទៅកាន់ហាងទំនិញល្បីៗនៅទូទាំងប្រទេសអូស្ត្រាលី។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនៃការនាំចេញនេះ គឺជាភស្តុតាងដែលបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អូស្ត្រាលី។ ភាពជាដៃគូនេះ ក៏បានបង្ហាញពីរបៀបនៃការគាំទ្រដែលផ្តោតសំខាន់លើគោលដៅ និងភាពជាដៃគូក្នុងវិស័យឯកជន ក្នុងការបង្កើតទីផ្សារថ្មីៗ និងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងក្នុងវិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ ការនាំចេញដំណាប់ស្វាយស្ងួតនេះ គឺស្របទៅនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្រ្តាលីដល់ត្រឹមឆ្នាំ ២០៤០ ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍»។

លោកស្រី ឈន ដាលីស នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេ.អេហ្វ.ភី បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីសោមនស្សក្នុងការនាំយកស្វាយស្ងួតរបស់កម្ពុជាទៅកាន់អតិថិជនអូស្ត្រាលី។ ភាពជាដៃគូរបស់យើងជាមួយអូស្ត្រាលី មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់យើងជាង ១៧០០ នាក់ ដែលក្នុងចំណោមនោះមានបុគ្គលិកជាស្ត្រីចំនួន ៦០ ភាគរយ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយបង្កើនប្រាក់ចំនូលដល់កសិករខ្នាតតូច និងធ្វើឲ្យប្រសើរឡើងនូវកេរ្តិ៍ឈ្មោះរបស់កម្ពុជាសម្រាប់ផលិតផលដែលមានគុណភាពផងដែរ»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ អាចកើតឡើងដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្តា្រលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានជួយក្រុមហ៊ុន ខេ.អេហ្វ.ភី ដើម្បីជម្រុញការត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញ ក៏ដូចជាបង្កើនបណ្តាញទំនាក់ទំនងធុរកិច្ចជាមួយអូស្ត្រាលីផងដែរ។

ភាពជោគជ័យនេះ កើតឡើងស្របគ្នាទៅនឹងការតម្លើងខ្សែច្រវាក់ផលិតកម្មទឹកស្វាយកែច្នៃលើកដំបូងរបស់កម្ពុជា នៅក្នុងក្រុមហ៊ុន ខេ.អេហ្វ.ភី តាមរយៈការគាំទ្របច្ចេកទេសពីអូស្ត្រាលី។ ម៉ាស៊ីនខ្សែច្រវាក់ផលិតកម្មថ្មីនេះ អនុញ្ញាតឲ្យមានភាពច្នៃប្រឌិតក្នុងការកែប្រែកាកសំណល់ផ្លែស្វាយទាំងនោះទៅជាផលិតផលដែលមានតម្លៃ។ វាក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ខេ.អេហ្វ.ភី អាចទិញផ្លែស្វាយពីកសិករដោយមិនគិតពីទំហំ ដើម្បីកែច្នៃទៅជាទឹកស្វាយកែច្នៃ និងភេសជ្ជៈស្វាយទុំ ដែលអាចផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។

អូស្ត្រាលី បន្តជួយសហគ្រាសកម្ពុជាក្នុងការពង្រីកសក្តានុពលនាំចេញរបស់ពួកគេ។ ក្នុងឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីបានឈានដល់ ១,១ ពាន់លានដុល្លារអាមេរិក ដោយជាង ៧០ ភាគរយនៃពាណិជ្ជកម្មនេះ គឺជាផលិតផលរបស់កម្ពុជាដែលនាំចេញទៅប្រទេសអូស្ត្រាលី។

ការនាំចេញដំណាប់ស្វាយស្ងួតចំនួន ២០ តោននេះ ធ្វើឡើងបន្ទាប់ពីការនាំចេញនាពេលថ្មីៗនេះនូវផ្លែឈើស្ងួត និងគ្រាប់ស្វាយចន្ទីកែច្នៃរួច ដោយក្រុមហ៊ុន Royal Trust Trading និងការនាំចេញអង្ករដោយក្រុមហ៊ុន Amru Rice។ ប្រទេសអូស្ត្រាលីនៅតែប្តេជ្ញាចិត្តគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និរន្តភាព និងភាពធន់របស់ប្រទេសកម្ពុជា និងជួយដល់អ្នកផលិតក្នុងវិស័យកសិកម្មដើម្បីកែច្នៃកសិ-ចំណីអាហារក្នុងស្រុកឲ្យបានកាន់តែច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារសកលលោកដែលមានតម្លៃខ្ពស់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ ស្ថានទូតអូស្រ្តាលី: Media.Cambodia@dfat.gov.au

CAMBODIAN DRIED MANGOES REACH AUSTRALIAN SHELVES

The Australian Embassy and Kirirom Food Production (KFP) Co., Ltd. celebrated a new trade partnership milestone, with the export of Cambodian dried mangoes to Australia.

This is the first shipment under a long-term trade agreement (2024–2030) between KFP and a major Australia-based wholesale distributor, paving the way for the supply of Cambodian dried mangoes to leading retailers across Australia.

Australian Ambassador to the Kingdom of Cambodia, Mr Derek Yip said, ‘This export partnership is evidence of the growing strength of cooperation between Australia and Cambodia. It also shows how targeted support and private sector partnerships can open up new markets and improve the competitiveness of Cambodia’s agri-food sector. This export of Cambodian dried mangoes to aligns closely with Australia’s Southeast Asia Economic Strategy to 2040, which aims to deepen economic cooperation between Australia and Southeast Asia.’

KFP Managing Director Ms Dalis Chhorn said, ‘We are delighted to take Cambodian mangoes to Australian consumers. Our partnership with Australia not only benefits our 1,700 plus employees – 60 per cent of whom are women – but also increase smallholder farmer income and enhances Cambodia’s reputation for quality produce.’

The deal was made possible through support from Australia through the Cambodia Australia Partnership for Resilient Economic Development (CAPRED) program, which helped KFP to boost its export readiness and increase business linkages with Australia.

This success coincides with the installation of Cambodia’s first mango purée production line at KFP, enabled through technical support from Australia. The new machinery allows the innovative transformation of mango waste into valuable product. It will allow KFP to buy mangoes regardless of size from farmers to process into puree and juice, serving both local and international markets.

Australia continues to help Cambodian enterprises to expand their export potential. In 2024, bilateral trade between Cambodia and Australia reached USD1.1 billion, with more than 70 per cent of this trade made up of Cambodian exports to Australia.

This 20-tonne shipment follows recent exports of dried fruits and processed cashews by Royal Trust Trading and milled rice by Amru Rice. Australia remains committed to supporting inclusive, sustainable and resilient economic growth in Cambodia and helping its agricultural producers to process more agrifoods domestically for export to high value global markets.

For media inquiries, please contact: Australian Embassy: Media.Cambodia@dfat.gov.au

To Top