កម្ពុជា-វៀតណាម៖ ៤៧ ឆ្នាំនៃភាពជាដៃគូ ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ទៅកាន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ សម្រាប់ទាំងកម្ពុជា និងវៀតណាម។ វាសម្គាល់ការបរាជ័យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយ នៃសតវត្សរ៍ទី២០ និងជួយសង្គ្រោះកម្ពុជា ពីការបំផ្លិចបំផ្លាញ ដែលនាំមកនូវសម័យកាលនៃការរស់ឡើងវិញ។ ជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គឺជាលទ្ធផលនៃការបះបោរដ៏រឹងមាំ របស់កងកម្លាំងបដិវត្តន៍កម្ពុជា និងប្រជាជនស្នេហាជាតិ ហើយក៏ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងជំនួយដ៏ធំធេង ទាន់ពេលវេលា ដោយស្មោះស្ម័គ្រ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់កងទ័ព និងប្រជាជនវៀតណាម។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះត្រូវបានចាត់ទុកថា ជាមូលដ្ឋានមួយ សម្រាប់ការកសាង និងអភិវឌ្ឍទំនាក់ទំនងកម្ពុជា-វៀតណាម ទៅជាមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រពៃណី មានផលប្រយោជន៍ដូចគ្នា ដោយគាំទ្រដល់ការអភិវឌ្ឍប្រជាជាតិទាំងពីរ ដូចសព្វថ្ងៃនេះ។
ការលះបង់ និងការបាត់បង់ដែលមិនអាចបំភ្លេចបាន។
ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (១៩៧៥-១៩៧៩) ប្រជាជនកម្ពុជាបានរងការខាតបង់យ៉ាងធំធេង ដោយមនុស្សជាង ៣ លាននាក់ ស្មើនឹងមួយភាគបួន នៃចំនួនប្រជាជនកម្ពុជាត្រូវបានសម្លាប់ សង្គមត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយខាងវប្បធម៌ សាសនា និងសិទ្ធិមនុស្សត្រូវបានជាន់ឈ្លី។

ប៉ុល ពត បានបង្កើត «រដ្ឋប្រជាធិបតេយ្យកម្ពុជា» ហើយបានអនុវត្តគោលនយោបាយ អសកម្មនៅទូទាំងប្រទេស ដោយដាក់ចេញនូវគោលនយោបាយ ផ្តាច់ការដ៏ឃោរឃៅបំផុត លុបបំបាត់សេរីភាពប្រជាធិបតេយ្យទាំងអស់ របស់ប្រជាជន និងប្រែក្លាយពួកគេទៅជាទាសករ។ ដោយមានពាក្យស្លោក «លុបបំបាត់ការបែងចែកវណ្ណៈ» រដ្ឋប្រជាធិបតេយ្យកម្ពុជា បានលុបបំបាត់ទីក្រុង បញ្ជូនប្រជាជនពីតំបន់ទីក្រុងទៅតំបន់ជនបទ បង្ខំពួកគេឱ្យក្លាយជាកសិករ និងបង្ខំពួកគេឱ្យធ្វើការធ្ងន់ធ្ងរ។

ទាក់ទងនឹងវិស័យសង្គម-វប្បធម៌ ប៉ុលពតបានអនុវត្ត គោលនយោបាយលុបបំបាត់សាលារៀន សម្លាប់អ្នកបញ្ញវន្ត បំផ្លាញប្រព័ន្ធអប់រំគ្រប់កម្រិត បំផ្លាញបេតិកភណ្ឌវប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់ប្រជាជនខ្មែរ និងបង្ក្រាបសេរីភាពសាសនាយ៉ាងឃោរឃៅ។ ពួកគេបានបំផ្លាញវត្តអារាមឥតឈប់ឈរ សម្លាប់ព្រះសង្ឃ ហើយប្រជាជនកម្ពុជាដែលមានការអប់រំ និងវណ្ណៈកណ្តាលរាប់ពាន់នាក់ ត្រូវបានធ្វើទារុណកម្ម និងប្រហារជីវិតនៅក្នុងពន្ធនាគារ ពិសេសដែលបង្កើតឡើងនៅក្នុងទីក្រុង ដែលល្បីឈ្មោះបំផុត គឺពន្ធនាគារទួលស្លែងនៅភ្នំពេញ ជាកន្លែងដែលអ្នកទោសប្រហែល ១៧.០០០ នាក់ រួមទាំងបុរស ស្ត្រី មនុស្សពេញវ័យ និងកុមារ ត្រូវបានចាប់ដាក់គុក និងសម្លាប់យ៉ាងឃោរឃៅ ក្នុងអំឡុងពេលគ្រប់គ្រងរបស់ ប៉ុល ពត ។

ឆ្លើយតបទៅនឹងការអំពាវនាវ ជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងការអនុវត្តសិទ្ធិ ការពារខ្លួនដោយស្រប់ច្បាប់ វៀតណាម បានផ្តល់អាទិភាពដល់ជីវិត និងសន្តិភាពរបស់ប្រជាជនកម្ពុជា លើសពីផលប្រយោជន៍បន្ទាន់ ដោយបានបញ្ជូនកងទ័ពស្ម័គ្រចិត្ត ទៅជួយសង្គ្រោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសម្រេចបានជ័យជម្នះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ ប៉ុន្តែ ក្នុងពេលជួយប្រជាជនកម្ពុជា បង្កើតឡើងជ័យជម្នះនេះ ប្រទេសវៀតណាមត្រូវបាន រងសម្ពាធខាងនយោបាយយ៉ាងខ្លាំង និងការនិទានរឿងបំភ្លៃពីក្រុមអមិត្តមួយចំនួន បានរងទណ្ឌកម្មសេដ្ឋកិច្ចយូរអង្វែង និងកងទ័ពស្ម័គ្រចិត្តវៀតណាមរាប់ម៉ឺននាក់ ត្រូវបានពលីសាច់ស្រស់ឈាមស្រស់ ។
ពង្រឹងនិងពង្រីកទំនាក់ទំនងជាបន្តបន្ទាប់ និងសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយចីរភាពជាមួយគ្នា
ចាប់តាំងពីពេលផ្តួលរំលំរបប ប៉ុល ពត ទាំងស្រុងមក ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដែលបានក្លាយជាមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង ដែលនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង ដល់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងវិស័យនយោបាយ និងការទូត ភាគីទាំងពីរ បានអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ដោយគោរពឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងសម្របសម្រួលយ៉ាងជិតស្និទ្ធ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ប្រទេសទាំងពីររក្សាបាននូវកម្រិតខ្ពស់ នៃការជឿទុកចិត្តគ្នា តាមរយៈបណ្ដាដំណើរបំបេញទស្សនកិច្ច ជាញឹកញាប់រវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការរក្សាស្ថិរភាពនយោបាយ ការអភិវឌ្ឍជាតិ និងការលើកកម្ពស់ឋានៈអន្តរជាតិ។

ក្នុងវិស័យការពារជាតិ និងសន្តិសុខ ប្រទេសទាំងពីរ បានសហការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការធានាសន្តិសុខតាមព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម។ វៀតណាមនិងកម្ពុជា កំពុងធ្វើការរួមគ្នា ដើម្បីកសាងព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាម ក៏សហការយ៉ាងសកម្ម ជាមួយកម្ពុជាក្នុងការស្វែងរក និងបញ្ជូនសាកសពទាហានស្ម័គ្រចិត្តវៀតណាម ដែលបានស្លាប់នៅកម្ពុជា ដែលជាភារកិច្ចដ៏សំខាន់ ខាងនយោបាយ និងមនុស្សធម៌ ដែលត្រូវបានរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ កោតសរសើរយ៉ាងខ្លាំង។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាចំណុចលេចធ្លោមួយ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងយ៉ាងឆាប់រហ័ស និងស្ថិរភាពក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-កម្ពុជា ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩៨ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១១៧ លានដុល្លារអាមេរិក។ នៅឆ្នាំ ២០១០ វាបានឈានដល់ ១,៨ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានលើសពី ១០ ពាន់លានដុល្លារអាមេរិក និងនៅតែមានស្ថិរភាពនៅ ១០,៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥។ បច្ចុប្បន្ន វៀតណាម គឺជាដៃគូពាណិជ្ជកម្មឈានមុខគេ របស់កម្ពុជា នៅក្នុងអាស៊ាន ជាមួយនឹងទំនិញនាំចេញសំខាន់ៗដូចជា៖ ផលិតផលប្រេងកាត ជី សម្ភារៈសំណង់ ទំនិញប្រើប្រាស់ គ្រឿងចក្រ និងឧបករណ៍ និងផលិតផលកសិកម្មមួយចំនួនធំ ដែលនាំចូលពីកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ ដល់ស្ថិរភាពទីផ្សារ និងបម្រើដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល គឺជាចំណាប់អារម្មណ៍ពិសេសរបស់វៀតណាម ដែលជាទម្រង់នៃការគាំទ្ររយៈពេលវែង និងប្រកបដោយចីរភាពសម្រាប់កម្ពុជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វៀតណាមបានផ្តល់អាហារូបករណ៍ រាប់ពាន់កន្លែងជារៀងរាល់ឆ្នាំដល់និស្សិត និងមន្ត្រីកម្ពុជា ដើម្បីសិក្សានៅសាកលវិទ្យាល័យ សាលា និងស្ថាប័នបណ្តុះបណ្តាលវៀតណាម។ ការផ្លាស់ប្តូរប្រជាជន វប្បធម៌ និងទេសចរណ៍ រវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរវៀតណាមជាច្រើននាក់ បានទៅទស្សនាប្រទេសកម្ពុជា និងផ្ទុយមកវិញ ដែលរួមចំណែកដល់ការលើកកម្ពស់ទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម និងពង្រឹងការយោគយល់គ្នាទៅវិញទៅមក ចំណងមិត្តភាព និងការជឿទុកចិត្តគ្នារវាងប្រជាជននៃប្រទេសទាំងពីរ។

អាចបញ្ជាក់បានថា ៤៧ ឆ្នាំបន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវបានឆ្លងកាត់ប្រវត្តិសាស្ត្រ ហើយទទួលបានសមិទ្ធផល នៃផលកិច្ចសហប្រតិបត្តិការជាក់ស្តែង និងទូលំទូលាយ។ ជំនួយដ៏ស្មោះស្ម័គ្រ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន របស់វៀតណាម ចំពោះកម្ពុជា ចាប់ពីការរំដោះជាតិ និងការកសាងឡើងវិញ រហូតដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍បច្ចុប្បន្ន គឺជាសច្ចភាពប្រវត្តិសាស្ត្រដែលមិនអាចប្រកែកបាន ជាសក្ខីភាពនៃស្មារតីអន្តរជាតិនិយមដ៏ថ្លៃថ្នូរ និងសាមគ្គីភាពដ៏បរិសុទ្ធ និងមិនរង្គោះរង្គើរវាងប្រជាជនកម្ពុជា និងវៀតណាម។ ដូច្នេះ ការបន្តថែរក្សា បណ្តុះ និងអភិវឌ្ឍមិត្តភាពប្រពៃណីកម្ពុជា-វៀតណាម មិនត្រឹមតែជាការទទួលខុសត្រូវរបស់មនុស្សជំនាន់បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាសំខាន់មួយ ដែលរួមចំណែកដល់ការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសនីមួយៗ និងតំបន់ទាំងមូល៕
