ភ្នំពេញ៖ ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបញ្ចប់ទៅ ស្ថាប័ន បំណង (Bamnang) បានប្រកាសជាផ្លូវការនូវការវិលត្រឡប់មកវិញនៃកម្មវិធី “Meet & Greet with Mony 2026” លើកទី៦ ក្រោមប្រធានបទ «គន្លឹះអាហារូបករណ៍ និងការសិក្សា»។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជួយតម្រង់ទិសយុវជនកម្ពុជា ពិសេសសិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B និង C ឱ្យទទួលបានឱកាសអាហារូបករណ៍ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងការរៀបចំផែនការបន្តការសិក្សាថ្នាក់ឧត្តមសិក្សាប្រកបដោយប្រសិទ្ធភាព។

កម្មវិធី Meet & Greet with Mony ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០២១ ដោយ កញ្ញា សេង រ័ត្នសេដ្ឋាមុនី អគ្គនាយិកា និងសហស្ថាបនិក Bamnang ក្រោយកញ្ញាបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទី២ លើជំនាញវិភាគគោលនយោបាយអប់រំ ពីសាកលវិទ្យាល័យ Harvard។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក គំនិតផ្តួចផ្តើមនេះបានជួយតម្រង់ទិសសិស្សានុសិស្សជាង ១០,០០០ នាក់ទូទាំងប្រទេសកម្ពុជា។

សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៦ នេះ កម្មវិធីនឹងផ្តល់ឱកាសពិសេសដល់សិស្សឆ្នើមនិទ្ទេស A, B និង C ចំនួន ១០០ នាក់ ក្នុងការចូលរួមទទួលយកចំណេះដឹង និងការប្រឹក្សាផ្ទាល់លើចំណុចសំខាន់ៗចំនួន ៤៖
- អាហារូបករណ៍ និងជំនាញឌីជីថល៖ ព័ត៌មានលម្អិតអំពី «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» (Techo Digital Talent Scholarship) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជំនាញឌីជីថលថ្នាក់ជាតិ។
- គន្លឹះឆ្ពោះទៅកាន់សាកលវិទ្យាល័យ Ivy League៖ វិធីសាស្ត្ររៀបចំប្រវត្តិរូប និងយុទ្ធសាស្ត្រដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យកំពូលៗនៅសហរដ្ឋអាមេរិក។
- ឱកាសអាហារូបករណ៍អន្តរជាតិ៖ ការណែនាំអំពីការស្វែងរក និងដាក់ពាក្យស្នើសុំអាហារូបករណ៍នៅតាមបណ្តាស្ថាប័នអប់រំល្បីៗជុំវិញពិភពលោក។
- ដំណោះស្រាយការរស់នៅ និងកន្លែងស្នាក់នៅភ្នំពេញ៖ ការតម្រង់ទិសពីការសម្របខ្លួនក្នុងជីវិតសាកលវិទ្យាល័យ ជម្រើសកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាពពី Bamnang Housing និងឱកាសអាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្សដែលជួបការលំបាក។

កម្មវិធី “Meet & Greet with Mony 2026” ទទួលបានការទទួលស្គាល់ជាផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា (MoEYS), ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ព្រមទាំងមានការគាំទ្រពីស្ថានទូតអាមេរិកប្រចាំកម្ពុជា, Exchange Alumni, EducationUSA, American Corner និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដៃគូសាកលវិទ្យាល័យផ្លូវការ រួមជាមួយស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត។



ព័ត៌មាននៃការចុះឈ្មោះចូលរួម៖
- ការចំណាយ៖ ចូលរួមដោយឥតគិតថ្លៃ (កន្លែងមានកំណត់)
- តំណភ្ជាប់ចុះឈ្មោះ៖ https://app.bamnang.com/event/meet-and-greet-with-mony-abc-2026
- តំណភ្ជាប់ Telegram Group ផ្លូវការ៖ https://t.me/+MhI5R4eDD3Y5OTdl
- ព័ត៌មានបន្ថែម៖ Telegram @bamnangbott ឬទូរសព្ទលេខ +855 92 232 523
