អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយសន្តិវិធី
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិ ប្រចាំកម្ពុជា បានថ្លែងថា អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា-ថៃ ដោយសន្តិវិធី។
ក្នុងជំនួបនោះដែរ សម្ដេចធិបតី ក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងប្រកាន់យកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដែលមានស្រាប់។
ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា «អាល្លឺម៉ង់ គាំទ្រចំពោះការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយអនុលោមទៅតាមច្បាប់អន្តរជាតិ»៕









