Feature

មន្ត្រីឧទ្យានុរក្សដែន ជម្រកសត្វព្រៃ ព្រៃឡង់ ដកហូតឈើចំនួន ៥០សន្លឹក ដែលជនសង្ស័យគ្រោងដឹកចេញ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញ សង្គមឈ្មោះ Ma Chetra។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន ខេត្តព្រះវិហារ ត្រូវបានធ្វើឡើងដោយប្រជាពលរដ្ឋមួយក្រុមដឹកនាំដោយឈ្មោះ Ma Chetra រួចបានផ្សព្វផ្សាយលើបណ្តាញសង្គមផ្ទាល់ខ្លួន។

ចំណែករថយន្ត និងជនសង្ស័យត្រូវបាក្រុមការងារនាំដោយ លោក Ma Chetra លែងឲ្យទៅវិញមុនមន្ត្រីឧទ្យានុរក្សមកដល់កន្លែងកើតហេតុ។ ទោះជាយ៉ាងណា មន្ទីរបរិស្ថានខេត្តព្រះវិហារនឹងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័យអយ្យការ ដើម្បីមានចំណាត់ការច្បាប់។

មន្ទីរបរិស្ថានខេត្តព្រះវិហារ បានលើកទឹកចិត្តចំពោះរាយការណ៍អំពីបទល្មើសធនធានធម្មជាតិ ជូនមន្ត្រីជំនាញដើម្បីចាត់វិធានការច្បាប់។ ការចូលរួមចំណែករបស់បងប្អូនគឺជាការចូលរួមចំណែកការពារសម្បតិ្តធនធានធម្មជាតិសម្រាប់កូនចៅជំំនាន់ក្រោយ៕

To Top