ភ្នំពេញ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលរួមសោកស្ដាយនិងបង្ហាញជំនឿជឿជាក់ថា រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា ប្រាកដជាទទួលបានជ័យជម្នះ លើការប្រយុទ្ធប្រឆាំង និងកិច្ចជួយសង្គ្រោះ ក្នុងគ្រោះជំនន់ទឹកភ្លៀង លើកនេះយ៉ាងឆាប់រហ័សមិនខាន។
ការលើកឡើងរបស់លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បែបនេះធ្វើឡើងនៅ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម សកម្មភាពផ្ដល់អំណោយ ជាសម្ភារៈចាំបាច់ប្រចាំថ្ងៃ របស់ស្ថានទូតចិន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ និងព្រមទាំងបានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ក្នុងតំបន់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូតចិន បានតំណាងឲ្យស្ថានទូតចិនប្រចាំកម្ពុជា សម្តែងការសួរសុខទុក្ខ ដោយស្មោះជូនចំពោះ រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលទទួលរងគ្រោះ មហន្តរាយមួយនេះ។ លោកមានប្រសាសន៍ថា ចិននិងកម្ពុជា ជាបងប្អូនល្អ ដែលជួយគ្នាទៅវិញទៅមក និងរួមសុខរួមទុក្ខជាមួយគ្នា ភាគីចិនមានអារម្មណ៍ដូចគ្នា ចំពោះគ្រោះមហន្តរាយ ដែលកម្ពុជាកំពុងជួបប្រទះ យ៉ាងធ្ងន់ធ្ងរនេះ និងរីករាយរួមចំណែក ជាកម្លាំងយ៉ាងសកម្ម ក្នុងការទប់ស្កាត់និងជួយសង្គ្រោះ ក្នុងគ្រោះទឹកជំនន់មួយនេះ។ គ្រប់ស្ថាប័ន និងសហគ្រាសចិនក្នុងប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារជួយសង្គ្រោះ គ្រោះមហន្តរាយទឹកជំនន់ ក្នុងតំបន់។ ក៏សង្ឃឹមថា សម្ភារៈចាំបាច់ដែលផ្តល់ ជូនដោយស្ថានទូតចិន លើកនេះ អាចជួយដល់អ្នកទាំងអស់គ្នា ក្នុងការឆ្លងនូវទុក្ខលំបាកមួយនេះ។
លោក វ៉ាង វិនធាន (Wang Wentian) សង្កត់ធ្ងន់ថា « យើងជឿជាក់ថា ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជំ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំ ដ៏រឹងមាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ប្រាកដជាទទួលបានជ័យជម្នះលើការប្រយុទ្ធប្រឆាំង និងកិច្ចជួយសង្គ្រោះ ក្នុងគ្រោះទឹកជំនន់ លើកនេះយ៉ាងឆាប់រហ័សមិនខាន»។
លោក ឯកអគ្គរដ្ឋទូតចិនបានសង្កត់ធ្ងន់ថា លោក Wang Yi ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីក្រសួងការបរទេសនៃចិន បានបំពេញទស្សនកិច្ច ក្នុងប្រទេសកម្ពុជាយ៉ាងជោគជ័យ ក្នុងពេលថ្មីៗនេះ ចិននិងកម្ពុជាកំពុងខិតខំ រួមគ្នាអនុវត្តសមិទ្ធផល នៃដំណើរទស្សនកិច្ចនេះ ដើម្បីជាកម្លាំងជំរុញ សម្រាប់ប្រទេសកម្ពុជា ក្នុងកិច្ចការពន្លឿនស្តារជាថ្មី នៃសេដ្ឋកិច្ចដែលរង ផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់នេះ រួមគ្នាកសាងសហគមន៍ ជោគវាសនារួមរវាងចិននិងកម្ពុជា ឲ្យកាន់តែស្អិតរមួត ។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះដំណើរចុះសួរសុខទុក្ខ ដោយផ្ទាល់ របស់លោកឯកអគ្គរដ្ឋទូតចិន ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ទឹកជំនន់ខាងលើ។ លោកបានលើកឡើងថា កម្ពុជានិងចិន គឺជាប្រទេសជិតខាង ដែលមានភាពជិតស្និទ្ធ និងរួសរាយរាក់ទាក់។ រយៈពេលយូរមកហើយ ប្រទេសចិនតែងផ្តល់ជំនួយ ដ៏មានតម្លៃជាច្រើន ដែលបានជំរុញយ៉ាងខ្លាំង ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
សម្ភារៈដែលផ្តល់ដោយស្ថានទូតចិន នាលើកនេះនឹងជួយកាត់បន្ថយ ភាពលំបាកក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដែលរងគ្រោះ ជំនន់ទឹកភ្លៀងក្នុងតំបន់ និងជួយបង្កើនទំនុកចិត្តក្នុងការកសាង គេហដ្ឋានរបស់ពួកគាត់ សាជាថ្មីផងដែរ។
ក្នុងពិធីខាងលើ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបង្ហាញអំពីស្ថានភាព គ្រោះមហន្តរាយ និងវឌ្ឍនភាព នៃការជួយសង្គ្រោះ ក្នុងគ្រោះជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ភាគីចិន ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំង ដល់ការងារជួយសង្គ្រោះ គ្រោះមហន្តរាយក្នុងរាជធានីភ្នំពេញ ។
អំណោយដែល ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ មហន្តរាយខាងលើក្នុងខណ្ឌដង្កោ ដែលមានចំនួនជាង៨០០គ្រួសារ និងមានទីតាំងចំនួន២ មានដូចជា អង្ករ មីកញ្ចប់ អាហារកំប៉ុង ទឹកបរិសុទ្ធ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត។ ប្រជាជនក្នុងតំបន់ មានប្រសាសន៍ព្រមៗគ្នាថា រាល់ពេលជួបទុក្ខលំបាក មានមិត្តចិនជួយ ប្រទេសចិនជាមិត្តពិតប្រាកដ របស់ប្រទេសកម្ពុជា ។
សូមឲ្យចំណង មិត្តភាពរវាងកម្ពុជានិងចិន ឋិតថេរជាអមតៈ៕