ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ប្រកាសបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវលេខ២០៦, ២០៩, ១០៨, ១០៩, ១១០ និងកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីរង្វង់មូលលោកតាខ្មៅ ដល់ផ្លូវជាតិលេខ២១បេ (១១៥) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៧-១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការខូចខាតផ្លូវ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង។

យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសាធារណការ ខេត្តកណ្ដាល នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា «ស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលបាននិងកំពុងជន់លិចផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅ និងដើម្បីចៀសវាងការខូចខាតដល់ផ្លូវថ្នល់ មន្ទីរសាធារណការ សូមធ្វើការបិទចរាចររថយន្ដដឹកទំនិញធុនធ្ងន់ទាំងអស់»។
សូមបញ្ជាក់ថា ដោយសារតែភ្លៀងធ្លាក់ខ្លាំងពីថ្ងៃ៦ កញ្ញា បានធ្វើឲ្យក្រុងតាខ្មៅ មានទឹកជន់លិចជាខ្លាំងរហូតក្លាយជាជំនន់ទឹកភ្លៀង៕
