ភ្នំពេញ ៖ ប្រឡាយអមសងខាងផ្លូវមួយខ្សែ ប្រវែងជាង១.៥០០ម៉ែត្រ ស្ថិតក្នុងភូមិស្នាយ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ប្រចាំស្រុកកំពង់ត្រឡាច ដឹកនាំដោយលោក ស្រ៊ុន ជីម ជាប្រធាន លោក នាង ស្រៀន ជាអនុប្រធាន និងលោក ង៉ូវ ទ្រី ជាសមាជិក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ បាននាំធ្វើការស្តារឡើងវិញកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។ ការចុះស្តារនេះក៏មានការណែនាំពីលោក គូរ ដារា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តកំពង់ឆ្នាំង ដែលមានលោក កែវ សុវណ្ណារ៉ា ជាប្រធានកិត្តិយសផងដែរ។
ការស្តារប្រឡាយនេះធ្វើឡើងដោយមើលឃើញពីការកកស្ទះទឹកក្នុងប្រឡាយនៅពេលភ្លៀងម្តងៗ ធ្វើឲ្យជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ ដែលជាហេតុបង្កឲ្យលំបាកក្នុងការរកទទួលទាន ក៏ដូចជាការរស់នៅប្រចាំថ្ងៃ ។
ក្នុងឱកាសនោះដែរលោក ស្រ៊ុន ជីម រួមទាំងក្រុមការងារ បានស្នើសុំឲ្យពលរដ្ឋរស់នៅតាមសងខាងផ្លូវ ចូលរួមជួយរក្សាប្រឡាយទាំងអស់គ្នា ដោយកុំយកសំរាម មែកឈើ ធាងដូង និងកាកសំណល់រឹងជាដើម ទៅបោះចូលក្នុងប្រឡាយបង្កឲ្យមានការកកស្ទះ។
ការចុះស្តារនេះ ដើម្បីចូលរួមចែករំលែកការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ ៕