ភ្នំពេញ ៖ ខណៈស្ថានភាពទឹកស្ទឹងព្រែកត្នោត បានស្រកចុះប្រមាណជា២០សង់ទីម៉ែត្រ គិតមកត្រឹម រសៀលថ្ងៃ២៦ តុលានោះ មន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) លោក យ៉ង់សាំង កុមារ បានលើកឡើងថា ដោយសាររដ្ឋមានថវិកាជាតិ ហើយនឹងមានការចូលរួមចំណែកថវិការបស់ពលរដ្ឋផងដែរនោះ ត្រូវតែការពារទឹកជំនន់ស្ទឹងព្រែកត្នោត កុំឲ្យលិចចូលរាជធានីភ្នំពេញ និងខេត្ត កណ្តាលនៃផ្នែកណា ។

លោក យ៉ង់សាំង កុមារ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២៧ តុលានេះ បានថ្លែងថា
កន្លងមកមានមន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និយាយថា គម្រោងការពារស្ទឹងព្រែកត្នោតមុនមានទឹកជំនន់នេះយឺតយ៉ាវ ដោយសារអាស្រ័យលើកញ្ចប់ថវិកាមកពីចិន ។
លោកថា ចុះបើឆ្នាំ២០២២ ចិនអត់ឲ្យថវិកាតើទុកឲ្យលិចទៀតឬ? ។

លោកបន្តថា “ខ្ញុំយល់ថា គម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោតត្រូវតែធ្វើដើម្បីការពារកុំឲ្យមានលិចមួយផ្នែក នៃភ្នំពេញ និងខេត្តកណ្តាលទៀត។ យើងមានថវិកជាតិគ្រប់គ្រាន់ ហើយប្រជាជនក៏អាចចូលរួមថែមទៀតបាន” ។

កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំ ដែលជាប្រធាន មុខព្រួញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ អាជ្ញាធរមូលដ្ឋាន និងក្រុមមន្រ្តីបច្ចេកទេសក្រសួង បានដឹកនាំបញ្ជាការងារ អន្តរាគមន៍ជួសជុលរូងនាគ និងពង្រឹងលើកកម្ពស់តួទំនប់ នៅតាមបណ្តោយ សណ្តស្ទឹងព្រែកត្នោត ដែលបានកំពុងយាយី ដោយទឹកជំនន់ទឹកភ្លៀង ពីផ្ទៃរងផ្នែកខាងលើ ព្រមទាំងដាក់ផែនការ បន្ថែម ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ គ្រោះថ្នាក់ផ្សេងៗ ដល់ពលរដ្ឋ រស់នៅក្នុងភូមិសាស្រ្ត ប្រឈមនេះ ៕

ចំណែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឲ្យដឹងដែរថា សម្រាប់រាជធានីភ្នំពេញ ស្ថានភាពទឹកមានស្ថានភាពនឹង ប៉ុន្តែបើទោះបីជាយ៉ាងក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញនៅតែសហការជាមួយ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បន្តទប់ទំនប់នេះ ដើម្បីការពារ ការបាក់នាំឲ្យមាន គ្រោះមហន្តរាយដល់ពលរដ្ឋ ៕
