ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៦ ដល់១២ មេសា តំបន់មួយចំនួនរបស់កម្ពុជានឹងមានភ្លៀង ពីខ្សោយទៅមធ្យមដោយអន្លើ។
យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៦-១២ ខែមេសា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី៥ ខែមេសាឆ្ នាំ២០២២បានលើកឡើងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់ ៖ នៅថ្ងៃទី ៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។ នៅថ្ងៃទី ១០-១២ ខែមេសា ឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។

ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៦អង្សាសេ នឹង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ។ នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ ។ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៥អង្សាសេនឹង សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ ៕

