ស្ថានភាពជំនន់ទឹកភ្លៀង

សប្តាហ៍ខាងមុខនេះ កម្ពុជានឹងរងឥទ្ធិពលខ្យល់មូសុង រដូវវស្សា ធ្វើឲ្យមានភ្លៀងពីមធ្យម ទៅច្រើន

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅសប្តាហ៍ខាងមុខនេះ(១១-១៧ឧសភា) កម្ពុជា នឹងរងឥទ្ធិពលខ្យល់មូសុងរដូវវស្សាដែលអាចធ្វើឲ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃ១០ ឧសភា បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ។ រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃ១៥ ឧសភា។

ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ កន្លែងខ្លះ ក៏អាចមានភ្លៀងខ្លាំង ។

ចំណែក តំបន់ខ្ពង់រាបវិញ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣-៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ដោយឡែក តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

To Top