ស្ថានភាពជំនន់ទឹកភ្លៀង

ស្ថានីយជលសាស្ត្របាសាក់ – ចតុមុខឆ្នាំ២០២២ ទឹកនឹងឡើងកម្ពស់ជិត១០ម៉ែត្រ ចាត់ទុកជាប្រភេទជំនន់មធ្យម

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ ២០២២ បង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២២នេះ ទឹកអាចនឹងមានកម្ពស់៩,៦៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២៣ ឧសភា សម្រាប់ការព្យាករកម្ពស់ទឹក បានបង្ហាញពី ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ចាប់ពីដើមឆ្នាំ២០២២ ។ ក្នុងនោះ ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០,៥៣ ម៉ែត្រ ។ ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្រិតកម្ពស់ ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០,៧២ ម៉ែត្រ ។ ទន្លេមេគង្គ-កំពង់ចាម ចាប់ពីខែមករាដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ១,២១ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ០,៦៤ ម៉ែត្រ ។

សម្រាប់ រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ចាប់ពីខែមករា ដល់ពាក់កណ្តាលខែមីនា ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំដល់ទៅ១,១០ ម៉ែត្រ ប៉ុន្តែមកដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ ខ្ពស់ជាងមធ្យមច្រើនឆ្នាំប្រមាណ ០,២៨ ម៉ែត្រ ។

ចំពោះទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ចាប់ពីខែមករា ដល់ខែមីនា ទឹកមានកម្រិតកម្ពស់ទាប ជាងមធ្យមច្រើនឆ្នាំប្រមាណពី ០,៥០ ម៉ែត្រ ទៅ០,៩០ ម៉ែត្រ ប៉ុន្តែចាប់ពីខែមេសា ដល់ខែឧសភា ទឹកមានកម្រិត កម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ បន្តិចបន្តួចប្រមាណ០,០៨ ម៉ែត្រ ។

ក្រសួងបន្តថា ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គ សម្រាប់ដើមឆ្នាំ២០២២នេះ នៅទន្លេមេគង្គ ផ្នែកខាងលើ ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ។ ចំណែក នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែល នឹងខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមក ។ រីឯទឹកនៅបឹងទន្លេសាប ក៏ខ្ពស់ជាងមធ្យមច្រើនឆ្នាំចាប់ពីខែមេសាមកដែរ ។

ក្រសួងបញ្ជាក់ថា “ដូច្នេះការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២២ យោងលើស្ថានភាពទឹក ទន្លេមេគង្គនាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជល សាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០២២នេះ ទឹកអាចនឹងមានកម្ពស់៩,៦៥ ម៉ែត្រ ដែលចាត់ទុកជា ប្រភេទជំនន់មធ្យម”៕

To Top