ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់តំបន់មួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់នៅពេលយប់ និងព្រឹក ចាប់ពីថ្ងៃទី២២-២៨ កុម្ភៈ ដោយឡំទៅដោយភ្លៀងធ្លាក់ផងដែរ។
យោងតាមសេចក្តីជូនដំណឹង បានឲ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២-៣៤អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាព អប្បបរ មាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី២-៣ អង្សាសេ នៅវេលាព្រឹកនិងយប់ ។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៩-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤ អង្សាសេ។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែមក្នុងចន្លោះពី ៣-៤អង្សាសេនៅវេលាព្រឹកនិងយប់ លាយឡំដោយខ្យល់បក់ក្នុងកម្រិតមធ្យម។
ដោយឡែក នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សាសេ អាចមានភ្លៀងធ្លាក់តិចតួច ៕
