ស្ថានភាពជំនន់ទឹកភ្លៀង

សូមប្រយ័ត្ន!​ អាកាសធាតុនៅកម្ពុជា បន្តកើនកម្តៅរហូតដល់៣៩ អង្សាសេ និងមានភ្លៀងលាយឡំ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យ ដឹងថាកម្ពុជារងឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ពី ចិន​និងជ្រលង សម្ពាធទាបពីឥណ្ឌា និងខ្យល់មូលសុង​ដែលធ្វើឲ្យតំបន់មួយចំនួនរបស់ កម្ពុជាកើនកម្តៅព្រមទាំង មានភ្លៀងធ្លាក់លាយ ឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ​ដូច្នេះសូមប្រជាពលរដ្ឋប្រុងប្រយ័ត្ន។​


យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួង ធនធានទឹក នៅថ្ងៃទី២ ឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថាចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយ ពីទ្រនុង សម្ពាធខ្ពស់ចិន។​ បន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។
ក្រសួងបន្ថែមថាលក្ខណៈបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ អង្សាសេ​។​ ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុង បរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹង មានការកើនឡើង រាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

ដោយឡែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។​ចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ក្នុងបរិមាណពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ
រន្ទះ និងខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងក្នុងបរិមាណពីតិចទៅបង្ហូរ លាយឡំដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ក្រសួងអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើត មានឡើងជាយ ថាហេតុ ៕

To Top