សុខភាព

ដឹងអំពីរឿងនេះ អ្នកផ្ដាច់បារីគ្មានថ្ងៃ​ ចង់ត្រឡប់ទៅជក់វិញទេ!

តើនឹងមានអ្វីកើតឡើងចំពោះរាងកាយទៅ នៅពេលដែលអ្នកឈប់ជក់បារី? ខាងក្រោមនេះជាចម្លើយ ចំពោះចម្ងល់របស់អ្នក ហើយបន្ទាប់ពីអានចប់ អ្នកក៏ប្រហែលជានឹងគ្មានថ្ងៃចង់ ត្រឡប់ទៅជក់បារីវិញទៀតដែរ៖

១.បង្កើនចរន្តឈាមរត់៖ នេះ គឺជារឿងដំបូងគេបង្អស់ដែល​ កើតឡើងនៅពេលអ្នកឈប់ជក់បារី។ ក្នុងរយៈពេលពីរបីម៉ោង ចរន្តឈាមរបស់អ្នកនឹងមានភាព ប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយនឹងធ្វើឲ្យអត្រាបេះដូង និងសម្ពាធឈាមរបស់ អ្នកត្រលប់ទៅកាន់ស្ថានភាពធម្មតាវិញ។ ខណៈដែលជាតិនីកូទីនដែល ទទួលខុសត្រូវចំពោះការ ឡើងខ្ពស់នៃសម្ពាធឈាម និងការកើនឡើងនៃអត្រាចង្វាក់បេះដូង គឺគ្មានវត្តមាននៅក្នុងរាងកាយទៀត ។ នេះក៏នឹងធ្វើឱ្យចុងម្រាមដៃ របស់អ្នកមានកម្ដៅជាងមុនផងដែរ ក៏ព្រោះតែចរន្តឈាមរត់បានត្រឹមត្រូវក្នុងរាងកាយ។

២.រាងកាយនឹងឆ្លងកាត់ ដំណាក់កាលពិបាកមួយចំនួន៖ នៅខណៈពេលអ្នកសម្រេចចិត្តឈប់ជក់បារី វាប្រាកដជាពិបាកណាស់ ក្នុងការចាប់ផ្ដើមដំបូង ដោយរាងកាយ និងចិត្តរបស់អ្នក គឺបានញៀនខ្លាំងទៅនឹងជាតិនីកូទីន ហេតុនេះបញ្ហាមួយចំនួន នឹងកើតមានឡើងចំពោះអ្នក។ មនុស្សភាគច្រើនមើលស្រាល ឥទ្ធិពលនៃជាតិនីកូទីន ហើយមិនដឹងថាខ្លួនកំពុងញៀននឹងវាទេ រហូតទាល់តែពេលឈប់ប្រើវា។ ប្រសិនបើអ្នកសម្រេចចិត្តថា ឈប់ជក់បារីយ៉ាងប្រាកដហើយនោះ អ្នកប្រហែលជានឹងប្រឈមមុន ជាមួយបញ្ហាមួយចំនួនដូចជា ឈឺក្បាល, តានតឹងក្នុងអារម្មណ៍, វិលមុខ, អស់កម្លាំង, ចង្អោរចង់ក្អួត, ឃ្លានចង់ជក់បារីខ្លាំង, ក្អក, ពិបាកក្នុងការគេង, បាត់បង់ចំណង់អាហារ រួមទាំងបញ្ហាសម្ពាធឈាម និងអត្រានៃចង្វាក់បេះដូងធ្លាក់ចុះ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកពិតជាចង់ឈប់ជក់បារីមែន អ្នកនឹងអាចជំនះនូវបញ្ហាទាំងអស់នេះបាន។ ហើយកុំបារម្ភអាការៈទាំងនេះ នឹងបាត់ទៅវិញយឺតៗតាមពេលវេលា និងអាស្រ័យលើពេលវេលា ដែលអ្នកធ្លាប់បានជក់កន្លងមក។

៣.ខួរក្បាលទទួលរងភាពច្របូកច្របល់៖ នេះមានន័យថា ខួរក្បាលនឹងប្រែជាភ័ន្តភាំង ហើយបញ្ចេញសកម្មភាពចម្លែក។ វានឹងបញ្ជូនសញ្ញាទាមទារឲ្យ អ្នកទៅរកបារីយកមកជក់ ដោយសារតែជាតិនីកូទីន បានធ្វើឲ្យមានភាពញៀន ហើយបង្កភាពច្របូកច្របល់ ក្នុងការសម្រេចចិត្ត។ ក្នុងកំឡុងពេលនេះអ្នកនឹងអាចជួប ប្រទះនូវបញ្ហាប្រែប្រួលនៃអារម្មណ៍, ខឹងឆេវឆាវ, ធ្លាក់ទឹកចិត្ត, ស្លន់ស្លោរ, ថប់បារម្ភ, ធុញទ្រាន់ និងឃ្លានចង់ជក់បារីជាខ្លាំង។ ទោះជាយ៉ាងណា បញ្ហាទាំងនេះនឹងបាត់ ទៅវិញតាមពេលវេលា និងអាស្រ័យលើរយៈពេល ដែលអ្នកធ្លាប់បានជក់កន្លងមក។

៤. កើនទម្ងន់៖ ជាតិនីកូទីន នៅពេលចូលទៅក្នុងលំហូរឈាម នឹងបញ្ជូនសញ្ញាមួយទៅកាន់ខួរក្បាល ឲ្យបញ្ចេញជាតិខ្លាញ់ទៅក្នុង រាងកាយដែលធ្វើឲ្យ អ្នកមានអារម្មណ៍ថាឆ្អែត។ ដូច្នេះហើយទើបអ្នកជក់បារីមិនសូវជាឃ្លានអាហារ ប៉ុន្តែនៅពេលអ្នកឈប់ជក់បារីវិញនោះ គឺគ្មានជាតិនីកូទីនណាជះឥទ្ធិពល លើមុខងារខួរក្បាលទៀតដែរ ខណៈនោះអ្នកនឹងមានអារម្មណ៍ថា ឃ្លានខ្លាំងនៅរាល់ពេលអ្នកចង់ជក់បារី។ ជាលទ្ធផលចុងក្រោយ អ្នកនឹងកើនទម្ងន់ បន្ទាប់ពីទទួលទានច្រើនជាងមុន។

៥.ខ្យល់ដង្ហើមប្រែជាប្រសើរជាងមុន៖ ដរាបណាអ្នកនៅតែជក់បារី នោះសួតរបស់អ្នកនឹងពោរពេញ ទៅដោយផ្សែងពុលគ្រោះថ្នាក់យ៉ាងក្រាស់ ហើយរារាំងដល់មុខងារ សម្អាតភាពកង្វក់របស់រោមតូចៗ ដែលនៅក្នុងសួត ។ ប៉ុន្តែនៅពេលអ្នកឈប់ជក់បារី មុខងាររបស់អ្នករោមតូចៗទាំងនោះ នឹងត្រឡប់ទៅរកភាពធម្មតាវិញ ហើយចាប់ផ្ដើមដំណើរបានត្រឹមត្រូវ ធ្វើឲ្យអ្នកងាយស្រួលដកដង្ហើម និងផ្ដល់ក្លិនខ្យល់ដង្ហើមល្អប្រសើរ ។

៦.សសៃឈាមរីកធំ៖ ការជក់បារី គឺធ្វើឲ្យសសៃឈាមរួមតូចបណ្ដាលឲ្យ ឈាមហូរទៅកាន់ខួរក្បាលមិនត្រឹមត្រូវ ដែលធ្វើឲ្យខួរក្បាលមិនសូវសកម្ម ហើយស្ពឹក។ បញ្ហានៃសសៃឈាមរួមតូច ក៏បង្កើនហានិភ័យនៃ ជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងធ្វើឲ្យអ្នកងាយប្រឈមមុខ ជាមួយហានិភ័យនៃ ជំងឺសសៃឈាមបេះដូងផងដែរ ។ ដូច្នេះក្នុងកំឡុងពេលប្រហែលជា ១៨ ខែ ទៅ ១៥ឆ្នាំ បន្ទាប់ពីផ្ដាច់ ឬឈប់ជក់បារី ហានិភ័យនៃជំងឺបេះដូងនឹង ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង រួមជាមួយការធ្វើឲ្យអ្នកមាន សុខភាពល្អប្រសើរជាងមុន ហើយជៀសផុតពីគ្រោះថ្នាក់ដល់ជីវិតផ្សេងៗ។

៧.ធ្មេញស ស្នាមញញឹមស្រស់ស្អាត៖ ការជក់បារី ជាប្រចាំអាចបណ្ដាលឲ្យកើតមានការរលាក និងឈឺមាត់, ធ្មេញប្រែជាលឿង ហើយធ្វើឲ្យមានខ្យល់ ដង្ហើមមិនល្អថែមទៀត។ និយាយឲ្យខ្លីទៅ ការជក់បារី គឺផ្ដល់ផលប៉ះពាល់ដល់អនាម័យ សុខភាពមាត់ធ្មេញគួរឲ្យព្រួយបារម្ភ។ ទោះជាយ៉ាងណា ផលវិបាកភាគច្រើននៃ បញ្ហាសុខភាពមាត់ធ្មេញដូចជា ធ្មេញលឿង ក៏ដូចជាខ្យល់ដង្ហើមមិនល្អ នឹងបាត់ទៅវិញភ្លាមៗ បន្ទាប់ពីអ្នកឈប់ជក់បារី។ ការឈប់ជក់បារីក៏ជួយការពារ អ្នកពីជំងឺអញ្ចាញធ្មេញផងដែរ ។

៨.ប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង៖ ប្រព័ន្ធភាពស៊ាំល្អនឹងជួយ ការពារអ្នកឲ្យជៀសផុតពីជំងឺផ្សេងៗ។ ការជក់បារីជាប្រចាំធ្វើឲ្យប្រព័ន្ធភាពស៊ាំ ដំណើរការមុខងារមិនបានត្រឹមត្រូវ ហើយចុះខ្សោយដែលប ណ្ដាលឲ្យជំងឺផ្សេងៗងាយ នឹងជ្រៀតចូលក្នុងរាងកាយ។ វាក៏បង្កើនហានិភ័យនៃការ ឆ្លងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរដូចជា ជំងឺរលាកទងសួត និងជំងឺរលាកសួត ហើយចុងក្រោយជាលិកាសួត ទាំងអស់នឹងត្រូវបំផ្លាញ ដោយសារទម្លាប់នៃការជក់បារី។ ប៉ុន្តែហានិភ័យនៃជំងឺគ្រោះថ្នាក់ទាំងនេះ គឺនឹងមិនកើតឡើងបានទេ ប្រសិនបើអ្នកឈប់ជក់បារី៕

ប្រភព៖ www.health.com.kh

To Top