សុខភាព

បន្លែ និងផ្លែឈើស្រស់ ជាអ្វីដែលអ្នកមានជំងឺទឹកនោមផ្អែម គួរញ៉ាំឲ្យបានច្រើន

ប្រសិនបើអ្នកកំពុងមានជំងឺទឹកនោមផ្អែម បន្លែ និងផ្លែស្រស់ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក នេះបើតាមប្រសាសន៍ របស់វេជ្ជបណ្ឌិតជំនាញ។ ប៉ុន្តែ តើអ្នកដឹងទេថា ហេតុអ្វីបានជាវាអាចជួយដល់ ជំងឺទឹកនោមផ្អែមរបស់អ្នកទៅ?

ការសិក្សាថ្មីមួយបានបង្ហាញថា ការទទួលទានផ្លែឈើស្រស់ មួយចានក្នុងមួយថ្ងៃ អាចបញ្ឈប់ ឬទប់ស្កាត់ការវិវត្តទៅជាជំងឺទឹកនោមផ្អែម ហើយក៏អាចគ្រប់គ្រងជំងឺនេះផងដែរ សម្រាប់អ្នកដែលបានកើតវាហើយ ដល់ទៅ ១២ភាគរយ។

ហើយគេក៏បានបញ្ជាក់ផងដែរថា អ្នកដែលញ៉ាំផ្លែឈើស្រស់បាន បីដងក្នុងមួយអាទិត្យ អាចកាត់បន្ថយការស្លាប់ដោយសារជំងឺនេះ បានដល់ទៅ ១៧ ភាគរយ។ ក្រៅពីនេះ វាក៏អាចជួយកាត់បន្ថយផលវិបាកនានា ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមផងដែរ ដូចជា បញ្ហាសរសៃឈាម បញ្ហាបេះដូង ការឈឺភ្នែក និងជំងឺតម្រងនោមជាដើម។

ក្រៅពីផលល្អទាំងនេះ គ្រូពេទ្យជំនាញក៏បានព្រមានផងដែរថា អ្នកគួរប្រុងប្រយ័ត្ន ចំពោះផ្លែឈើដែលមានកម្រិតជាតិស្ករខ្ពស់ ដូចជា ធូរេន ត្រសក់ស្រូវ និងឪឡឹក នេះបើតាមការសិក្សានៅសាកលវិទ្យាល័យ Oxford ៕

ប្រភព៖ www.health.com.kh

To Top
×