សុខភាព

ស្មានមិនដល់សោះថា ស្ពៃក្ដោបពណ៌ស្វាយ មានឥទ្ធិពលទប់ស្កាត់ជំងឺ បានច្រើនយ៉ាងនេះ

អ្វីដែលធ្វើឲ្យស្ពៃក្ដោបពណ៌ស្វាយ មានពណ៌ស្រស់ឆើតបែបនេះ គឺដោយសារវាមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា flavonoids ។ 

ភាពខុសគ្នានៃស្ពៃក្ដោបពណ៌ស្វាយ ជាមួយស្ពៃក្ដោបធម្មតា ឬពណ៌សនោះ គឺវាមានផ្ទុកបរិមាណនៃសារធាតុ flavonoids ច្រើនជាង។ ហើយក៏ដូចនឹងស្ពៃក្ដោបធម្មតាដែរ ស្ពៃក្ដោបពណ៌ស្វាយអាចត្រូវបានទទួលទានទាំងឆៅ ឬយកទៅចម្អិនតាមបែបផ្សេងៗ។ បើទោះបីជាភាគច្រើននៃពួកយើងបានស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពី អត្ថប្រយោជន៍ដ៏ប្រសើររបស់ វាចំពោះសុខភាពឡើយ ។ 

ខាងក្រោមនេះ ជាមូលហេតុដែលអ្នកគួរ ចាប់ផ្ដើមទទួលទានស្ពៃក្ដោបពណ៌ស្វាយ ឲ្យបានច្រើន៖

១.ជួយទប់ស្កាត់ជំងឺមហារីក៖ ស្ពៃក្ដោបពណ៌ស្វាយ មានផ្ទុកសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតដ៏មានឥទ្ធិពល ដូច្នេះវាជាជម្រើសនៃអាហារ ដ៏ប្រសើរជួយប្រយុទ្ធប្រឆាំងនឹង រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក ។ ប្រសិនបើអ្នកចង់កាត់បន្ថយ ហានិភ័យនៃជំងឺមហារីកនោះ ចូរទទួលទានស្ពៃក្ដោបពណ៌ស្វាយឲ្យបានច្រើន។

២.ជួយឲ្យស្រកទម្ងន់៖ ប្រសិនបើចង់ស្រកទម្ងន់បានឆាប់ និងមានសុវត្ថិភាព អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែម ឬចាប់ផ្ដើមទទួលទានស្ពៃក្ដោបពណ៌ស្វាយ។ នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរ ទៅដោយជាតិសសៃ ជួយឲ្យអ្នកឆ្អែតបានយូរ។ លើសពីនេះទៅទៀត ស្ពៃក្ដោបពណ៌ស្វាយ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយវីតាមីន និងជាតិរ៉ែសំខាន់ៗ។

ផ្ទាំងពាណិជ្ជកម្ម

៣.បង្កើនសុខភាពភ្នែក៖ ស្ពៃក្ដោបពណ៌ស្វាយ ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលចាំបាច់ចំពោះសុខភាពភ្នែក មើលឃើញបានកាន់តែច្បាស់ និងជៀសផុតពីជំងឺភ្នែកផ្សេងៗ។

៤.ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ការដែលមានប្រព័ន្ធភាពស៊ាំរឹងមាំខ្លាំងក្លា មានន័យថាមិនសូវឈឺ និងឆ្លងមេរោគផ្សេងៗ។ មួយក្នុងចំណោមវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំនោះ គឺការទទួលទានស្ពៃក្ដោបពណ៌ស្វាយ។ បន្លែនេះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមមួយ ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានលក្ខណៈកាន់តែប្រសើរ ឡើងគួរឲ្យកត់សម្គាល់។ ការទទួលទានស្ពៃក្ដោបពណ៌ស្វាយ ក៏ជាគំនិតដ៏ល្អមួយផងដែរ ប្រសិនបើអ្នកមានជំងឺផ្ដាសាយ ឬក្អកដើម្បីបន្ថយរយៈពេលស្ថានភាពនៃជំងឺ។

៥.ទប់ស្កាត់ជំងឺពុកឆ្អឹង៖ ការទទួលទានស្ពៃក្ដោបពណ៌ស្វាយ អាចជួយទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យ នៃជំងឺពុកឆ្អឹងបាន។ នោះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរ ទៅដោយជាតិរ៉ែចាំបាច់ជាច្រើន សម្រាប់សុខភាពឆ្អឹងរឹងមាំដូចជា ជាតិកាល់ស្យូម, ម៉ាញ៉េស្យូម និងម៉ង់កាណែស។

៦.ជួយព្យាបាលជំងឺដំបៅក្រពះ៖ ប្រសិនបើអ្នកជួបប្រទះការឈឺចាប់ ដោយសារជំងឺដំបៅក្រពះនោះ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទាន ស្ពៃក្ដោបពណ៌ស្វាយ។ ការទទួលទានទឹកស្ពៃក្ដោបពណ៌ស្វាយ ស្រស់ជាប្រចាំក៏ប្រសើរ សម្រាប់ដោះស្រាយ បញ្ហាសុខភាពនេះផងដែរ។ បន្លែនេះជាប្រភពដ៏ប្រសើរ នៃអាស៊ីតអាមីណូ glutamine ជួយបំបាត់ការឈឺចាប់ និងការរលាកនៃស្រទាប់បំពង់អាហារ ៕

ប្រភព៖ www.health.com.kh

To Top