ភាគច្រើននៃពួកយើងប្រហែលជា ធ្លាប់បានឮទាក់ទងនឹងឃ្លាមួយដែលថា “សំណើច គឺជាថ្នាំដ៏ល្អបំផុតមួយ។” ប៉ុន្តែថាតើការសើចអាច ប៉ះពាល់យ៉ាងណាខ្លះ ទោះចំពោះសុខភាពរបស់ពួកយើង? វាហាក់បីដូចជាសំណើច ជួយធ្វើឲ្យរបៀបនៃការរស់នៅ កាន់តែមានភាពប្រសើរឡើង ពោរពេញដោយភាពរីករាយ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនៃ ការសើចចំពោះសុខភាព៖
១.ល្អសម្រាប់សុខភាពបេះដូង៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកជំងឺបេះដូងហាក់ដូចជាមិនសូវ មានភាពរីករាយក្នុងជីវិតឡើយ។ ពួកគេសើចតិចជាងអ្នកដែលគ្មានជំងឺនេះ។ ការសើចបៀបដូចជាការផ្ដល់ឲ្យ បេះដូងនូវលំហាត់ប្រាណដ៏ល្អមួយអញ្ចឹង ដូច្នេះព្យាយាមសើចឲ្យបានច្រើន ហើយអ្នកនឹងអាចជៀសផុត ពីបញ្ហានៃជំងឺបេះដូង ។
២.រក្សាទំនាក់ទំនងរវាងគ្នា៖ សំណើច ជាវិធីដ៏ប្រសើរបំផុតមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នា។ វាអាចធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និតនឹងគ្នា ហើយជួយដោះស្រាយ បញ្ហាបានស្រួលជាងមុន។ សំណើចនាំមកនូវអារម្មណ៍វិជ្ជមាន, សម្រាលបញ្ហាថប់បារម្ភ និងថែមទាំងកាត់បន្ថយកំហឹងបានផងដែរ។
៣.ទប់ស្កាត់ជំងឺមហារីក៖ សំណើច ជាថ្នាំដ៏ប្រសើរមួយសម្រាប់ អ្នកជំងឺមហារីកដែលស្ថិតក្រោម ការព្យាបាលដោយគីមី វាជួយកាត់បន្ថយការឈឺចាប់ និងភាពទុទិដ្ឋិនិយម។ មន្ទីរពេទ្យខ្លះប្រើប្រាស់ ការសើចជាវិធីព្យាបាល ដើម្បីជម្រុញប្រព័ន្ធភាពស៊ាំ របស់អ្នកជំងឺឲ្យកាន់តែប្រសើរឡើង, បង្កើនអារម្មណ៍ល្អ និងកាត់បន្ថយការឈឺចាប់មួយចំនួន ។ សំណើច ក៏អាចជួយបង្កើនបរិមាណ នៃកោសិកាប្រឆាំងជំងឺមហារីក ក្នុងរាងកាយផងដែរ ។
៤.ជួយឲ្យគេងលក់បានស្កប់៖ អ្នកអាចទទួលបាននូវដំណេក ដែលពោរពេញទៅដោយភាពស្ងប់ គ្មានសុបន្តិរំខាន ដោយគ្រាន់តែសើចឲ្យបានច្រើន។ យោងតាមការសិក្សាមួយដែល ត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុន ទាក់ទងទៅនឹងទំនាក់ទំនងរវាងការសើច និងការគេង បានបង្ហាញឲ្យដឹថា អ្នកដែលសើចច្រើនកំឡុងពេលល្ងាច គឺទទួលបាននូវដំណេកមួយដ៏ស្ងប់ប្រសើរ។ ដូច្នេះដើម្បីអាចគេងលក់បានស្ងប់ ចូរមើលរឿងកំប្លែង ឬអានសៀវភៅកំប្លែងនៅមុនពេលគេង ។
៥.កាត់បន្ថយស្ត្រេស៖ បំបាត់អាការៈនៃភាពតានតឹង ក្នុងអារម្មណ៍ជាមួយនឹងសំណើច គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតមួយ។ ការស្ត្រេស អាចបណ្ដាលឲ្យកើត មានជំងឺគួរឲ្យព្រួយបារម្ភជាច្រើន ពីជំងឺបេះដូងដល់បញ្ហានៃជំងឺផ្លូវចិត្ត។ សំណើច អាចបំបាត់ស្ត្រេស និងរក្សាការបូមឈាមនៃបេះដូង ។
៦.កាត់បន្ថយបំបាត់ការឈឺចាប់៖ សំណើច ឬការសើច បង្កើតអ័រម៉ូន endorphins ក្នុងរាងកាយ ហើយអ័រម៉ូននេះជាសារធាតុគីមី នៅក្នុងខួរក្បាលដើរតួជា ថ្នាំបំបាត់ការឈឺចាប់ និងធ្វើឲ្យមានអារម្មណ៍ល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលមានបញ្ហាឈឺចាប់រ៉ាំរ៉ៃ ប្រែជាជួបប្រទះការឈឺចាប់តិចតួចវិញ នៅពេលទទួលការព្យាបាល តាមរយៈការសើច។
៧.ប្រឆាំងភាពទុទិដ្ឋិនិយម និងជំងឺធ្លាក់ទឹកចិត្ត៖ នៅពេលបាក់ទឹកចិត្ត ឬមិនសប្បាយចិត្តអ្វី ២យ៉ាងដែលមនុស្សភាគច្រើន ត្រូវការបំផុតនោះ គឺអ្នកដែលស្រឡាញ់ពួកគេ និងសំណើច។ ប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ដោយការសើច វាជួយបង្កើនអារម្មណ៍ល្អ និងធ្វើឲ្យមុខងារនៃខួរក្បាល កាន់តែប្រសើរឡើង។ សំណើចត្រូវបានគេស្គាល់ថា អាចជួយព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ យ៉ាងមានប្រសិទ្ធិភាព។
៨.ធ្វើឲ្យប្រព័ន្ធភាពស៊ាំ កាន់តែប្រសើរឡើង៖ សំណើច អាចជួយបង្កើនមុខងារនៃប្រព័ន្ធភាពស៊ាំ រាងកាយឲ្យកាន់តែមាន លក្ខណៈប្រសើរឡើងគួរឲ្យកត់សម្គាល់។ វាក៏ជួយឲ្យចរន្តឈាមរត់ និងអុកស៊ីសែនក្នុងរាងកាយ មានលក្ខណៈប្រសើរផងដែរ។ លើសពីនេះទៅទៀត ការសើចជួយបង្កើនកោសិកា គ្រាប់ឈាមមានសុខភាពល្អ ៕
ប្រភព៖ www.health.com.kh