សុខភាព

ប្រធាន WHO ព្រមានថា មេរោគថ្មី អាចលេចឡើង ដែលគេមិនអាច ទប់ស្កាត់បាន

មូស្គូ៖ អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា មេរោគថ្មីអាចនឹងលេចឡើង “នៅចំណុចណាមួយ” ដែលមិនអាចទប់ស្កាត់បាន និងអំពាវនាវឱ្យពង្រឹង អង្គការសុខភាពពិភពលោក។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Ghebreyesus ក្នុងអំឡុងកិច្ចប្រជុំ របស់រដ្ឋមន្ត្រីសុខាភិបាល និងហិរញ្ញវត្ថុ G20 ថា «វាជាការប្រាកដក្នុងជីវសាស្រ្ត ដែលនៅចំណុចណាមួយ មេរោគមួយផ្សេងទៀតនឹងលេចឡើង ដែលយើងមិនអាចទប់ស្កាត់បាន» ។

ផ្ទាំងពាណិជ្ជកម្ម

ប្រធានអង្គការ សុខភាពពិភពលោករូបនេះ បានជំរុញបន្ថែមទៀត ដល់សហគមន៍អន្តរជាតិ ឱ្យរៀនពីជំងឺរាតត្បាតបច្ចុប្បន្ន ដើម្បីត្រៀមខ្លួន សម្រាប់បញ្ហាបន្ទាប់ទៀត។ សម្រាប់រឿងនោះ បើយោងតាមលោក Ghebreyesus គឺ ពិភពលោកចាំបាច់ត្រូវ “ពង្រឹង ផ្តល់សិទ្ធិអំណាច និងផ្តល់ហិរញ្ញប្បទាន ដោយចីរភាព WHO” ដែលជាយន្តការហិរញ្ញវត្ថុថ្មី ដើម្បីធានាបាននូវការឆ្លើយតប យ៉ាងឆាប់រហ័ស ចំពោះជំងឺរាតត្បាត និងអភិបាលកិច្ចកាន់តែប្រសើរឡើង។

លោកក៏បានជំរុញឱ្យប្រទេសនានាគាំទ្រ ដល់ការបង្កើតក្រុមប្រឹក្សាផ្តល់ហិរញ្ញប្បទាន ការគំរាមកំហែងសុខភាព និងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានកាតព្វកិច្ចស្របច្បាប់ ស្តីពីការត្រៀមលក្ខណៈ និងការឆ្លើយតប នឹងជំងឺរាតត្បាតផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top