ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ជំរុញ ឲ្យមានសាមគ្គីភាព ក្នុងចំណោមក្រុម នយោបាយ លីបង់

បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានសាមគ្គីភាព នៅក្នុងចំណោមក្រុមនយោបាយ របស់ប្រទេសលីបង់ បន្ទាប់ពីលោក Saad al-Hariri បានលាឈប់ពីតំណែង ជានាយករដ្ឋមន្ត្រី នៃប្រទេសលីបង់ ស្របពេលមានការតវ៉ាប្រឆាំង។

នៅក្នុងសេចក្តី ថ្លែងការណ៍មួយ មន្ត្រីនាំពាក្យ ក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Abbas Mousavi បាននិយាយថា ទីក្រុងតេអេរ៉ង់ស្នើឲ្យមានសាមគ្គីភាព នៅក្នុងចំណោម ក្រុមនយោបាយ និងគណបក្សទាំងអស់ នៅក្នុងប្រទេសលីបង់ ឲ្យរក្សាសន្តិសុខ និងស្ថិរភាពក្នុងប្រទេស និងសម្រេចឲ្យបាននូវតម្រូវការ ស្របច្បាប់ របស់ប្រជាជនលីបង់ ។

គួរបញ្ជាក់ថា លោក Saad al-Hariri បានសុំលាឈប់ពីតំណែង នាយករដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ជាការប្រកាសមួយ ឈានដល់ចំណុចទីបំផុត ក្នុងដំណើរព្យាយាមដោះស្រាយវិបត្តិ ដែលកើតមានឡើងដោយសារការតវ៉ាដ៏ធំ ប្រឆាំងនឹងបក្សកាន់អំណាច និងរុញច្រានប្រទេសឲ្យចូលទៅកាន់ តែជ្រៅក្នុងភាពចលាចល៕
ប្រែសម្រួល៖ប៉ាង កុង

To Top