ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត១៧នាក់ ក្រោយប៉ះទង្គិចគ្នា រវាងក្រុមប៉ូលិស និងឧក្រិដ្ឋជនគ្រឿងញៀន នៅប្រេស៊ីល

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរ ក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ចំនួន១៧នាក់ ដែលជាក្រុមជួញដូរគ្រឿងញៀន ត្រូវបានសម្លាប់ កាលពីព្រឹកថ្ងៃពុធ នៅក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងក្រុមឧក្រិដ្ឋជន និងក្រុមមន្ត្រីប៉ូលិស នៅក្រុង Manaus រដ្ឋធានីរបស់រដ្ឋ Amazonas នៅភាគខាងជើង របស់ប្រទេសប្រេស៊ីល ។

យោងតាមការបញ្ជាក់ ដោយនាយកដ្ឋានសន្តិសុខសាធារណៈ បានឲ្យដឹងថា ក្រុមជួញដូរគ្រឿងញៀន បានប្រុង ប្រៀបបើកការវាយប្រហារមួយ ដើម្បីគ្រប់គ្រងទីតាំង លក់ដូរគ្រឿងញៀន នៅក្នុងទីក្រុង ។ ប៉ូលិសបាននិយាយថា ពួកគេបានទទួលការហៅចូល ពីជនអនាមឹកម្នាក់ អំពីការមកដល់នូវរថយន្តមួយគ្រឿង ដែលមានក្រុមប្រដាប់អាវុធ ដែលមានគ្នាប្រមាណ៥០នាក់ ។

ក្រុមមន្ត្រីប៉ូលិសចំនួន៥នាក់ បានទៅកាន់កន្លែងកើតហេតុ និងបានធ្វើការដោះដូរអាវុធ ជាមួយក្រុមឧក្រិដ្ឋជន ។

លោក Ayrton Norte អគ្គមេបញ្ជាការប៉ូលិស បាននិយាយថា ប្រតិបត្តិការ “គឺចង់បង្ហាញថា យើងបានត្រៀមខ្លួន… យើងបានទៅបញ្ចប់ឧក្រិដ្ឋកម្ម” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top