ព័ត៌មានអន្តរជាតិ

អាកាសធាតុក្តៅខ្លាំង អាចសម្លាប់ប្រជាជនឥណ្ឌា ១,៥លាននាក់ ក្នុងមួយឆ្នាំ គិតពីឆ្នាំ២១០០ទៅ

បរទេស៖ ខណៈពេលដែលពិភពលោក កំពុងតែមើលឃើញពីផលប៉ះពាល់នៃការផ្លាស់ប្តូរ អាកាសធាតុរួចមក រដូវក្តៅឆ្នាំនេះបានបំបែកកំណត់ត្រា ជុំវិញពិភពលោក។ ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាក៏បានជួបប្រទះ នូវរលកកម្តៅដែលវែងបំផុតទី ២ របស់ខ្លួនដោយសីតុណ្ហភាពឡើងដល់ ៥០,៨ អង្សាសេនៅក្នុងរដ្ឋ Rajasthan ក្នុងឆ្នាំនេះ។ ជាងនេះទៅទៀត បើតាមរបាយការណ៍បានបង្ហាញថា អាកាសធាតុក្តៅខ្លាំង អាចសម្លាប់ប្រជាជនឥណ្ឌា ១,៥លាននាក់ ក្នុងមួយឆ្នាំ ដោយគិតពីឆ្នាំ២១០០ទៅ។ 

យោងតាមការសិក្សាចេញផ្សាយ ដោយមន្ទីរពិសោធន៍ផលប៉ះពាល់អាកាសធាតុនៃ សាកលវិទ្យាល័យឈីកាហ្គោ និងមជ្ឈមណ្ឌលតាតា សម្រាប់ការអភិវឌ្ឍនៅ UChicago កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ព្រឹត្តិការណ៍កម្តៅខ្លាំងដែល បានបង្កឡើងដោយការផ្លាស់ប្តូរអាកាសធាតុត្រូវបានគេបារម្ភថា អាចសម្លាប់ប្រជាជនឥណ្ឌាចំនួន ១,៥ លាននាក់បន្ថែមទៀតជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២១០០ទៅ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ការសិក្សានេះបានបន្ថែមទៀតថា “ ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់ នៅតែបន្តកើនឡើងក្នុងអត្រានាពេលបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាត្រូវបានគេព្យាករថានឹងមានការ កើនឡើងយ៉ាងឆាប់រហ័ស នៅថ្ងៃក្តៅខ្លាំងនៅសតវត្សរ៍បន្ទាប់ ដែលបង្កើនហានិភ័យនៃការស្លាប់” ។

គេសង្កេតឃើញថា ឥទ្ធិពលអាក្រក់បំផុតនៃបំរែបំរួលអាកាសធាតុទំនងជាត្រូវបាន គេមើលឃើញជាទម្រង់នៃការឡើងកម្តៅ។កម្តៅខ្លាំង ធ្វើឱ្យរាងកាយស្ថិតក្នុងភាពតានតឹងយ៉ាងខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធឈាមរត់និងមានគ្រោះថ្នាក់ ជាពិសេសសម្រាប់កុមារតូចៗ និងអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ។

របាយការណ៍ក៏បានព្រមានផងដែរថា សីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមនៅឥណ្ឌាក៏នឹងកើនឡើង ៤ អង្សាសេដល់ ២៨ ត្រឹមឆ្នាំ ២១០០។ចំនួនថ្ងៃក្តៅខ្លាំងជាមធ្យមក៏អាចនឹងកើនឡើង ៨ ដងដែរ។

រដ្ឋ Punjab ដែលជារដ្ឋកសិកម្មឥណ្ឌា បច្ចុប្បន្នមានសីតុណ្ហភាពនៅរដូវក្តៅជាមធ្យមខ្ពស់បំផុត។ ប្រសិនបើការបំភាយនៅតែបន្តនៅលើផ្លូវបច្ចុប្បន្ន ១៦ រដ្ឋ ក្នុងចំណោម ២៨ រដ្ឋ និងទឹកដីសហភាពចំនួន ៩ (រួមទាំង Jammu និង Kashmir និង Ladakh UTs) ត្រូវបានព្យាករណ៍ថានឹងក្លាយជាក្តៅជាងរដ្ឋក្តៅបំផុត នាចុងសតវត្សរ៍នេះ៕

ប្រែសម្រួលៈ ដើមអម្ពិល

To Top