បរទេស :ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអេហ្ស៊ីប លោកSameh Shoukry កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នា ជាមួយនឹងសហរដ្ឋអាមេរិក អំពីបញ្ហាទំនប់វារីអគ្គិសនី ដែលសាងសង់ដោយប្រទេសអេត្យូពី នៅលើទន្លេនីល និងកំពុងតែបានចែករំលែក ផលប្រយោជន៍គ្នានោះ។
តាមការគ្រោងទុកសម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា កិច្ចប្រជុំនេះ នឹងធ្វើឡើងដោយមានការប្រមូលផ្តុំ ពីសំណាក់រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបអេត្យូពី និងស៊ូដង់ ហើយនឹងត្រូវបានចូលរួម ដោយធនាគារពិភពលោកដែរ។ គួរឲ្យដឹងដែរថា ប្រទេសអេត្យូពី បានចាប់ផ្តើមសាងសង់ទំនប់ ដែលមានឈ្មោះថា Grand Ethiopian Renaissance Dam (GERD) តាំងតែពីឆ្នាំ ២០១១ ខណៈប្រទេសអេហ្ស៊ីប មានការព្រួយបារម្ភថា ទំនប់នេះអាចប៉ះពាល់ ដល់ចំណែកទឹកទន្លេ ប្រចាំឆ្នាំចំនួន ៥៥.៥ ពាន់លានម៉ែត្រគូបរបស់ខ្លួន។
រំលឹកដែរថា កាលពីខែតុលាកន្លងមក ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi និងនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed បានជួបប្រជុំគ្នា នៅប្រទេសរុស្ស៊ី និងព្រមទាំងឈាន ទៅដល់ការយល់ព្រម ក្នុងការបន្តការងារ របស់គណៈកម្មាធិការបច្ចេកទេស ដែលសិក្សាអំពីដំណើរការ នៃការបំពេញ និងប្រតិបត្តិការទំនប់មួយនេះផងដែរ៕
ប្រែសម្រួល:ស៊ុនលី