បរទេស៖ ស្របពេលដែល មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ធ្វើទស្សនកិច្ចកូរ៉េខាងត្បូងនោះ ប្រទេសឯកោ កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារនេះថា របាយការណ៍អាមេរិកមួយ ដែលហៅកូរ៉េខាងជើង ថាប្រទេសគាំទ្រ ដល់អំពើភេរវកម្មនោះ បង្ហាញឲ្យឃើញនូវគោលនយោបាយ ប្រកបដោយអរិភាព រារាំងដល់ភាពរីកចម្រើនក្នុងកិច្ចពិភាក្សា លុបបំបាត់នុយក្លេអ៊ែ។
ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមរិក ពីបទបរាជ័យ ក្នុងការបង្ហាញនូវភាពបត់បែន ក្រោយការបរាជ័យក្នុងកិច្ចពិភាក្សាគ្នា ដំបូងកាលពីខែមុន រវាងមន្ត្រីនៃប្រទេសទាំងពីរ គិតចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នាក្នុងខែមិថុនា ដើម្បីកិច្ចពិភាក្សាគ្នាសារជាថ្មីឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់ប្រទេសកូរ៉េខាងជើង ឈ្មោះ KCNA បាននិយាយយ៉ាងដូច្នេះថា “បណ្ដាញនៃកិច្ចពិភាក្សាគ្នា រវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងសហរដ្ឋអាមេរិក គឺកាន់តែចង្អៀតខ្លាំងឡើងៗ ដោយសារតែ អាកប្បកិរិយាបែបនេះ”៕
ប្រែសម្រួល៖ ប៉ាង កុង
