ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប មានក្តីព្រួយបារម្ភ ចំពោះការបោះជំហានថ្មីបំផុត របស់អ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែ

បរទេស៖គណៈកម្មាធិការអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ការសម្រេចចិត្តរបស់ប្រទេសអ៊ីរ៉ង់ ចេញវិធានការថ្មីកាត់បន្ថយការប្តេជ្ញា ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ គឺជាក្តីព្រួយបារម្ភមួយ ធ្វើឲ្យកិច្ចព្រមព្រៀងនោះ ស្ថិតនៅក្នុងហានិភ័យ។

មន្ត្រីនាំពាក្យមួយរូប របស់សហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុបមានក្តីព្រួយបារម្ភ ចំពោះការប្រកាសនៅថ្ងៃនេះ របស់លោកប្រធានាធិបតី ហាស្សាន រ៉ូហានី ថា នឹងធ្វើការកាត់បន្ថយថែមទៀត នូវការប្តេជ្ញារបស់អ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ ដែលបានធ្វើឡើង ជាមួយមហាអំណាចពិភពលោកនានា កាលពីឆ្នាំ២០១៥។

តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Usnews នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីនាំពាក្យរូបនោះ បាននិយាយបន្ថែមទៀតយ៉ាងដូច្នេះថា “យើងជំរុញប្រទេសអ៊ីរ៉ង់ ឲ្យធ្វើបញ្ច្រាស់វិញ នូវរាល់សកម្មភាព ដែលមិនស៊ីគ្នានឹងការប្តេជ្ញា ស្ថិតនៅក្រោមកិច្ចព្រមព្រៀង JCPOA។ វាគឺមានការពិបាកកាន់តែខ្លាំង ក្នុងការអភិរក្ស រក្សាកិច្ចព្រមព្រៀង JCPOA នោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top