បរទេស:ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា បានឲ្យដឹងថា ពីឡុតដែលជនជាតិចិនម្នាក់ ត្រូវបានរងបម្រាម មិនឲ្យធ្វើការងារហោះហើរអស់មួយជីវិត ក្រោយបែកធ្លាយរូបភាពមួយសន្លឹក ដែលវាក្រោយមកបានផ្សព្វផ្សាយ និងរាលដាលពេញបណ្តាញសង្គម នៅក្នុងប្រទេស។
ជាក់ស្តែងរូបថតនេះ ត្រូវបានថតតាំងតែពីខែមករាមកម្ល៉េះ នៅលើជើងហោះហើរ Air Guilin ពីទីក្រុង Guilin ទៅកាន់ទីក្រុង Yangzhou ប៉ុន្តែវាទើបតែត្រូវបាន ចែករំលែកព្រោងព្រាត ក្នុងបណ្តាញសង្គម កាលពីសប្តាហ៍មុននេះប៉ុណ្ណោះ។
រូបភាពអាចឲ្យយើងឃើញថា ពីឡុតបានអនុញ្ញាត ឲ្យអ្នកដំណើរជាស្ត្រីម្នាក់ ចូលទៅអង្គុយញាំអាហារសម្រន់ យ៉ាងសប្បាយនៅក្នុងបន្ទប់ហោះហើរ ក្រោយមកក្រុមហ៊ុនអាកាសចរ ដែលពីឡុតរូបនេះធ្វើការAir Guilin បានបញ្ជាក់ថានេះ គឺជាសកម្មភាព ប្រឆាំងទៅនឹងគោលនយោបាយសុវត្ថិភាព របស់ក្រុមហ៊ុន៕
ប្រែសម្រួល:ស៊ុនលី