ព័ត៌មានអន្តរជាតិ

ឱនភាពពាណិជ្ជកម្មអាមេរិក​ ជាមួយចិន​ នៅតែមិនផ្លាស់ប្តូរ​ ពោលគឺ​ ៣២ ពាន់លានដុល្លារ​ ក្នុងខែកញ្ញា

វ៉ាស៊ីនតោន៖​ ក្រសួងពាណិជ្ជកម្មបានឱ្យដឹង​ កាលពីថ្ងៃអង្គារថា​ ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក ជាមួយប្រទេសចិន​ នៅតែមិនផ្លាស់ប្ដូរនៅក្នុងខែកញ្ញា​ ពោលគឺស្មើនឹង ៣១,៦២ ពាន់លានដុល្លារ​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន។ 

ទន្ទឹមនឹងនេះដែរឱនភាពជាមួយជប៉ុន​ បានថយចុះ ១៩,១ ភាគរយស្មើនឹង ៥,០៥ ពាន់លានដុល្លារដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេស​ ដែលមានឱនភាពធំជាងគេទី៣​ សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសចិន​ និងម៉ិកស៊ិក។

ក្រោមការគ្រប់គ្រងនៃ គោលនយោបាយ អាមេរិកដំបូង​ ប្រធានាធិបតីលោក​ ដូណាល់​ ត្រាំ​ បានសន្យាកាត់បន្ថយឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក​ ជាមួយជប៉ុន​ និងដៃគូពាណិជ្ជកម្មសំខាន់ៗដទៃទៀត ដូចជាប្រទេសចិន​ ម៉ិកស៊ិក​ និងអាល្លឺម៉ង់។

 នៅក្នុងខែកញ្ញារដ្ឋបាលលោក​ ត្រាំ​ បានចាប់ផ្តើមគិតពន្ធចំនួន ១៥ ភាគរយលើទំនិញចិន ដែលមានតម្លៃជាង ១០០ ពាន់លានដុល្លារ​ ដែលជាផ្នែកមួយ នៃសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេទាំងពីរនៅលើពិភពលោក៕

ដោយ​ ឈូក​ បូរ៉ា

To Top